បរទេស៖ ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា អាជ្ញាធរអ៊ីតាលីបានរឹបអូសនាវា ដ៏ធំមួយដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីរុស្ស៊ីឈ្មោះ Alexey Mordashov ក្នុងគោលបំណងអនុវត្ត ការពិន័យរបស់សហភាពអឺរ៉ុប លើទីក្រុងមូស្គូ ចំពេលមានរបាយការណ៍បន្ថែមថា នាវាទីពីរត្រូវបានចាប់ខ្លួន ដោយប៉ូលីសក្រោមការដាក់ទណ្ឌកម្មដូចគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi បានប្រកាសពីការរឹបអូសនេះ កាលពីយប់ថ្ងៃសុក្រ ដោយបង្ហាញពីតម្លៃនៃនាវា ខណៈដែលបញ្ជាក់ថា វាត្រូវបានយកនៅជិតទីក្រុងឆ្នេរសមុទ្រ Imperia ក្នុងភាគពាយ័ព្យនៃប្រទេស។
អ្នកនាំពាក្យ Ferdinandro Giugliano បាននិយាយថា “ប៉ូលីសរបស់ប្រទេសអ៊ីតាលី ទើបតែរឹបអូសបាននាវា ‘Lady M Yacht’ ដែលជានាវាមានតម្លៃ 65 លានអឺរ៉ូ (70 លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ Alexey Alexandrovits Mordascho ដែលមានទីតាំងនៅ Imperia (Liguria) – ដោយអនុលោមតាមការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ” ៕ ប្រែសម្រួលៈ ណៃ តុលា
