បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការវាយលុកក្នុងប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញចាប់ពីម៉ោង 18:00 ម៉ោងនៅទីក្រុងមូស្គូ “ដោយសារតែការមិនមាន ឆន្ទៈរបស់ភាគីអ៊ុយក្រែន ក្នុងការប្រើឥទ្ធិពល លើអ្នកជាតិនិយម ឬបន្តបទឈប់បាញ់”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា “មិនមានជនស៊ីវិលម្នាក់ អាចចាកចេញពី Mariupol និង Volnovakha តាមច្រករបៀងមនុស្សធម៌បានទេ។ កងវរសេនាតូចជាតិនិយម បានទាញយកប្រយោជន៍ ពីបទឈប់បាញ់ ដើម្បីពង្រឹងទីតាំងរបស់ពួកគេ” ។
តាមការស្នើសុំរបស់ភាគីអ៊ុយក្រែន បទឈប់បាញ់មួយត្រូវបានគេដាក់ នៅក្នុងតំបន់ជុំវិញទីក្រុង Mariupol និង Volnovakha ដោយមានការបញ្ឈប់ទាំងស្រុង នូវអរិភាពដែលបានកំណត់ ដើម្បីធានាដល់ការជម្លៀស ប្រជាជនស៊ីវិល។
បើតាមក្រសួងការពារជាតិរុស្ស៊ី មិនមានជនស៊ីវិលម្នាក់ អាចចេញតាមច្រករបៀងមនុស្សធម៌ ដែលបានកំណត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ចំនួនប្រជាជន នៃទីក្រុងទាំងនេះ ត្រូវបានកាន់កាប់ដោយអ្នកជាតិនិយមអ៊ុយក្រែន សម្រាប់ជា “ខែលការពារ”។
ចំណែកមន្ត្រីអ៊ុយក្រែន បានបញ្ឈប់ការជម្លៀសខ្លួន ដោយចោទប្រកាន់រុស្ស៊ី ពីការបន្តបាញ់ផ្លោង បើទោះបីជាមានការសន្យារបស់ខ្លួនថា វានឹងធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាពក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា