ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងត្បូង នឹងអនុវត្តទៅលើ ការត្រួតពិនិត្យការនាំចេញ ប្រឆាំងនឹងប៊ែលឡារុស្ស ដែលគាំទ្រដល់រុស្ស៊ី

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសនៅក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអនុវត្តការត្រួតពិនិត្យ ការនាំចេញប្រឆាំងនឹប្រទេសប៊ែលឡារុស្ស សម្រាប់ “ការគាំទ្រប្រកបដោយប្រសិទ្ធភាព នូវការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន”  ។

ក្រសួងមិនបានបញ្ជាក់លម្អិត ថាតើ វិធានការអ្វីនឹងត្រូវចាត់ទុកនោះទេ ប៉ុន្តែបានឲ្យដឹងថា ពួកគេនឹងត្រូវបានអនុវត្តក្នុងវិធីស្រដៀងគ្នានឹងវិធានការ ដែលកូរ៉េខាងត្បូង បានធ្វើរួចហើយប្រឆាំងនឹងរុស្ស៊ី ។ កូរ៉េខាងត្បូង បានថ្កោលទោសក្រុងម៉ូស្គូ ថាបានបើក “ការលុកលុយដោយប្រដាប់អាវុធ” នៅក្នុងប្រទេសអ៊ុយក្រែន ។

គួររំលឹកថា កូរ៉េខាងត្បូង បានឲ្យដឹងកាលពីខែមុនថា ខ្លួននឹងរឹតបន្តឹងការគ្រប់គ្រងការនាំចេញ ប្រឆាំងនឹងរុស្ស៊ីដោយការហាមឃាត់ការដឹកជញ្ជូនទំនិញ ជាយុទ្ធសាស្ត្រ និងចូលរួមជាមួយវិធានការ របស់បណ្តាប្រទេសលោកខាងលិច ដើម្បីរារាំងធនាគាររុស្ស៊ីមួយចំនួន ពីប្រព័ន្ធទូទាត់អន្តរជាតិ ហៅកាត់ SWIFT ។

ក្រសួងបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា “រដ្ឋាភិបាលកូរ៉េ បានសម្រេចចិត្តនៅថ្ងៃនេះដើម្បីអនុវត្តវិធានការត្រួតពិនិត្យ ការនាំចេញប្រឆាំងនឹងប៊ែលឡារុស្ស ផងដែរដោយវិនិច្ឆ័យថា ប្រទេសប៊ែលឡារុស្ស កំពុងគាំទ្រយ៉ាងមានប្រសិទ្ធភាព នូវការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន” ។

រុស្ស៊ី បានហៅសកម្មភាពរបស់ខ្លួន នៅអ៊ុយក្រែន ថាជា “ប្រតិបត្តិការពិសេស” ។ កាលពីខែមុន ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូង លោក Andrey Kulik បានសម្តែងការសោកស្តាយ ចំពោះការដាក់ទណ្ឌកម្ម ដោយបានស្តីបន្ទោស “សម្ពាធខាងក្រៅខ្លាំង” ពីរដ្ឋាភិបាលក្រុងសេអ៊ូល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់លោកខាងលិចផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top