បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ បញ្ជាក់ដោយលោករដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក Tony Blinken ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CBS កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការបើកភ្លើងខៀវរួចរាល់ហើយ អនុញ្ញាតិឲ្យបណ្តាសមាជិក អង្គការណាតូដើម្បីអាចធ្វើការផ្កត់ផ្គង់ យន្តហោះចម្បាំងទៅឲ្យប្រទេសអ៊ុយក្រែន បានដោយអាមេរិកនឹងផ្តល់ឲ្យមកវិញ តាមរយៈការជំនួសយន្តហោះចម្បាំងថ្មីៗ មកឲ្យវិញផងដែរ។

សេចក្តីថ្លែងបែបនេះ ដោយលោករដ្ឋមន្ត្រី Blinken ត្រូវបានធ្វើឡើងនៅក្រោយមាន ការអំពាវនាវសាជាថ្មីដោយ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅកាន់សមាជិកសភាអាមេរិក ក្នុងការធ្វើអន្តរាគមន៍ចំពោះមុខ បញ្ហាវិបត្តិសង្គ្រាមជាមួយនឹងរុស្សី ដែលកំពុងតែនៅបន្តកើតឡើង នៅឡើយនោះ។
ឆ្លើយទៅនឹងសំណួរថា តើប្រសិនបើសមាជិកណាតូ នឹងចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែនឬហើយ ក៏យ៉ាងណានោះលោក Blinken បានបញ្ជាក់ថាពួកគេគឺបាន ទទួលភ្លើងខៀវរួចរាល់ហើយ “That gets a green light” ហើយបន្ថែមថា អាមេរិកក៏បានត្រៀមរួចរាល់ហើយ ដែរក្នុងការបញ្ជូនយន្តហោះចម្បាំងថ្មីៗ ទៅជំនួសវិញផងដែរ ចំពោះសមាជិកទាំងនោះ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកងកម្លាំង យោធាអាកាសរបស់ ប្រទេសអ៊ុយក្រែននៅតែបន្តប្រើប្រាស់ យន្តហោះម៉ូដេលចាស់ៗ ដែលសេសសល់ពីសម័យសូវៀត ប៉ុណ្ណោះដែលមានដូចជា MiG-29, Sukhoi Su-24, Su-25 និងSu-27ជាដើម៕
ប្រែសម្រួល៖ ស៊ុន លី
