ព័ត៌មានអន្តរជាតិ

វៀតណាម បំបែកកំណត់ត្រាថ្មី នៃករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ

ហាណូយ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីគឺ ១៤២,១៣៦ករណី កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើងចំនួន ១០,៣១៩ករណីពីកំណត់ត្រាមុន ដែលបានកំណត់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។

ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ ចំនួន ៦១ ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុក ចំនួន ១៤២,១២៨ករណី និងនាំចូលចំនួន ៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាចំណុចក្តៅ នៃការរីករាលដាលជាមួយនឹង ករណីចំនួន ២៩,៥៧៨ករណី ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ ហើយក៏ជាកំណត់ត្រាប្រចាំថ្ងៃថ្មីរបស់ខ្លួន បន្ទាប់មកខេត្ត Bac Ninh ភាគខាងជើងប្រទេស​ មាន ៨,៣៥៥ករណី និងខេត្ត Nghe An ភាគកណ្តាលមានចំនួន ៧,៥៧៩ករណី។

នាថ្ងៃដដែល អាជ្ញាធរសុខាភិបាល ក៏បានចងក្រងឯកសារឆ្លងថ្មី ចំនួន ៦០,០៤៤ ករណីជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញមុននេះ នៅខេត្តភាគខាងជើង Bac Giang និង Hoa Binh។

ការឆ្លងថ្មីនេះ បាននាំឱ្យចំនួនឆ្លងសរុប កើនឡើងដល់ ៤,៤៣៤,៧០០ ករណីដោយមានអ្នកស្លាប់ចំនួន ៤០,៨១៣នាក់។ នៅទូទាំងប្រទេស វៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ២,៦៨១,៤៤៧នាក់ ឬ ៦០ភាគរយ នៃអ្នកឆ្លងបានជាសះស្បើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top