បរទេស ៖ អគ្គលេខាធិការនៃសម្ព័ន្ធភាព ណាតូ លោក Jens Stoltenberg បាននិយាយ ក្នុងសន្និសីទ សារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីនៃប្រទេសឡាតវី លោក Egils Levits នៅទីក្រុង Riga កាលពីថ្ងៃអង្គារថា អង្គការណាតូ ត្រូវតែធានាឱ្យបាននូវជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន មិនឱ្យហៀរហួស ពីព្រំដែនរបស់ប្រទេសទាំងពីរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បាននិយាយថា “ការរងទុក្ខដែលយើងឃើញ នៅពេលនេះនៅ អ៊ុយក្រែន គឺគួរឱ្យរន្ធត់ណាស់ ។ វាប៉ះពាល់ដល់យើងទាំងអស់គ្នា ហើយយើងមាន ទំនួលខុសត្រូវ ក្នុងការធានាថា ជម្លោះមិនកើនឡើង និងរីករាលដាលហួស ពីអ៊ុយក្រែន»។
លោក Stoltenberg បាននិយាយទៀតថា ប្លុកនេះបានប្រមូលផ្តុំ “កងទ័ពបន្ថែមរាប់ពាន់នាក់” នៅលើផ្នែកខាងកើត របស់ខ្លួនចំពេល “ការឈ្លានពានដ៏ឃោរឃៅ របស់រុស្ស៊ីលើអ៊ុយក្រែន” ។ សម្ព័ន្ធភាពគឺត្រៀមខ្លួន ជាស្រេចដើម្បីការពារ “គ្រប់អ៊ីញ” នៃប្រទេសឡាតវី ក៏ដូចជា “គ្រប់អ៊ីញនៃទឹកដីសម្ព័ន្ធមិត្តទាំងអស់” ដែលគាត់បានសង្កត់ធ្ងន់ ដោយផ្តល់នូវព័ត៌មានលម្អិត ស្តីពីការកសាងយោធា របស់ប្លុកនេះ៕
ប្រែសម្រួលៈ ណៃ តុលា