គ៊ែរ៖ នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly បានសន្យាថា នឹងរក្សាតម្លៃម្ហូបអាហារក្នុងកម្រិតសមរម្យ ចំពេលមានជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Madbouly បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីផ្គត់ផ្គង់ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម និងហិរញ្ញវត្ថុថា “យើងសម្របសម្រួលជាមួយសភាពាណិជ្ជកម្ម ដើម្បីធានាទំនិញម្ហូបអាហារ ក្នុងតម្លៃសមរម្យ និងដើម្បីជៀសវាងការបំផ្លើសណាមួយ” ។
នាយករដ្ឋមន្ត្រីបានឲ្យដឹង ដោយលើកឡើង ពីរលកអតិផរណា ទូទាំងពិភពលោក ដូចដែលបានបញ្ជាក់ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក អំឡុងពេលជម្លោះ ប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកបានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអេហ្ស៊ីប ផ្តោតលើមធ្យោបាយដើម្បីស្រូបយក ផ្នែកភាគច្រើននៃរលកអតិផរណាបែបនេះ ហើយអនុញ្ញាតឱ្យពលរដ្ឋ ប្រឈមមុខនឹង ផ្នែកតិចតួចបំផុត។
លោក Madbouly បានបន្ដថាខណៈពេលដែលតម្លៃម្សៅ នៅក្នុងប្រទេសអេហ្ស៊ីប បានកើនឡើង ៩ភាគរយមុនពេលមានវិបត្តិ និង ១៧ ភាគរយបន្ទាប់ពីវិបត្តិវាបានឡើងដល់ ៤៨ភាគរយនៅលើកម្រិតពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា