បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបានចោទប្រកាន់ “កងកម្លាំងជាតិនិយមអ៊ុយក្រែន” ថា បានប្រព្រឹត្ត “ការបង្កហេតុដ៏គ្រោះថ្នាក់បំផុត” ដោយវាយប្រហារស្ថានីយ និងខ្សែថាមពល សម្រាប់ផ្តល់អគ្គិសនី ដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl ។ មុននេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការដាច់ចរន្តអគ្គិសនីគឺជាកំហុស របស់រុស្ស៊ី ហើយអាចធ្វើឱ្យ “អឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលនេះភាគីអ៊ុយក្រែន កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជៀសវាង ការរៀបចំការងារ ជួសជុលនិងស្តារឡើងវិញ ។ នៅក្នុងគំនិតរបស់យើង នេះបញ្ជាក់ជាថ្មីម្តងទៀត នូវចរិតលក្ខណៈចេតនា និង បង្កហេតុ នៃសកម្មភាពរបស់អ្នកជាតិ និយមអ៊ុយក្រែន” ។ នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Nikolai Pankov បាននិយាយក្នុងអំឡុងសន្និសីទ ពិសេសមួយ ។
លោក Pankov បាននិយាយថា អ្នកឯកទេសរុស្ស៊ីបានធានាថា រោងចក្រនុយក្លេអ៊ែរនេះ នឹងត្រូវបានដំណើរការ ដោយម៉ាស៊ីនម៉ាស៊ូតបម្រុង ខណៈដែលអនុរដ្ឋមន្ត្រី ក្រសួង ថាមពលរុស្ស៊ី Pavel Sorokin បានបង្ហាញថា រោងចក្រនេះអាចភ្ជាប់ទៅនឹងបណ្តាញ ថាមពលបេឡារុស្ស ដើម្បីធានាថាមពលជាអចិន្ត្រៃយ៍ ៕
ប្រែសម្រួលៈ ណៃ តុលា