បរទេស ៖ អ្នកស្រាវជ្រាវ Rystad Energy ដែលមានមូលដ្ឋាននៅប្រទេស ន័រវេស បានព្រមានថា តម្លៃប្រេងអាចឡើង ដល់ ២៤០ដុល្លារ ក្នុងមួយបារ៉ែល ឬជិតពីរដង នៃថ្លៃបច្ចុប្បន្ន ប្រសិនបើបណ្តាប្រទេស លោកខាងលិច ធ្វើតាមសហរដ្ឋអាមេរិកក្នុងការកំណត់គោលដៅ ថាមពលរុស្ស៊ី ជាមួយនឹងទណ្ឌកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិភាគបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា “ប្រសិនបើប្រទេសលោក ខាងលិចកាន់តែច្រើន ចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រេង លើប្រទេស រុស្ស៊ី នោះវានឹងធ្វើឱ្យមានប្រេង ចំនួន ៤,៣លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងទីផ្សារ ដែលមិនអាចជំនួសបានយ៉ាងឆាប់រហ័ស ពីប្រភពផ្គត់ផ្គង់ផ្សេងទៀត បាននោះទេ” ។
អ្នកជំនាញទាំងនោះបានព្យាករណ៍ថា “ប្រសិនបើការនាំចេញប្រេង របស់រុស្ស៊ីចំនួន ៤,៣លានបារ៉ែលត្រូវបានបញ្ឈប់ដោយលោកខាងលិចនៅខែមេសា ឆ្នាំ ២០២២ ហើយប្រទេសចិន និងឥណ្ឌា មិនផ្លាស់ប្តូរបរិមាណ នាំចូលរបស់ពួកគេទេ នោះតម្លៃប្រេង Brent នឹងកើនឡើងដល់ ២៤០ដុល្លារក្នុងមួយបារ៉ែល នៅរដូវក្តៅឆ្នាំ ២០២២” ។ វាអាចបណ្តាលឱ្យមានការខ្វះខាតដ៏ធំបំផុតក្នុងការផ្គត់ផ្គង់ប្រេងចាប់ តាំងពីសង្គ្រាមឈូង សមុទ្រ ឆ្នាំ ១៩៩០ នៅពេលដែល តម្លៃប្រេង កើនឡើងទ្វេដង ។ ការទស្សន៍ទាយតម្លៃ របស់ពួកគេនឹងកើនឡើង ជិតទ្វេដង នៃតម្លៃប្រេងខ្ពស់ ពេលដែលបានឈានដល់ ដូចក្នុងខែកក្កដា ឆ្នាំ ២០០៨ នៅពេលដែលតម្លៃប្រេងឆៅ មានតម្លៃ ១៤៧,២៧ដុល្លារ ក្នុងមួយបារ៉ែល ៕ប្រែសម្រួលៈ ណៃ តុលា
