ព័ត៌មានអន្តរជាតិ

អាមេរិក គួរបើកការស៊ើបអង្កេត លើការស្លាប់ជនស៊ីវិល ដែលបង្កដោយការវាយប្រហារ តាមផ្លូវអាកាសរបស់ខ្លួន ជំនួសវិញ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែធ្វើការស៊ើបអង្កេត ដ៏គួរឱ្យទុកចិត្ត ឯករាជ្យ និងមិនលំអៀងទៅលើជនរងគ្រោះ ដែលស្លាប់ជាជនស៊ីវិល ដែលបណ្តាលមកពីការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ហើយធ្វើឱ្យអ្នកពាក់ព័ន្ធទាំងនោះទទួលខុសត្រូវ។

អ្នកនាំពាក្យលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយលើកឡើងថា នេះគឺជាការអំពាវនាវយ៉ាងច្បាស់ ពីសហគមន៍អន្តរជាតិ ដែលសហរដ្ឋអាមេរិក គួរតែឆ្លើយតបដោយស្មោះត្រង់។

លោក ចាវ បានលើកឡើងថា “ជីវិតរបស់មនុស្សគ្រប់រូប ដោយមិនគិតពីជាតិសាសន៍ ពូជសាសន៍ សាសនា ឬតម្លៃ គឺស្មើគ្នា និងមានតម្លៃណាស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ គណៈកម្មាធិការ ស៊ើបអង្កេតអន្តរជាតិឯករាជ្យ លើសាធារណរដ្ឋអារ៉ាប់ ស៊ីរី បានរំលឹកឡើងវិញនូវការអំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការស៊ើបអង្កេត គួរឱ្យទុកចិត្ត ឯករាជ្យ និងមិនលំអៀងលើការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត និងដើម្បីធានាថា អ្នកទទួលខុសត្រូវ ត្រូវបានចាប់ខ្លួន និងទទួលខុសត្រូវ។

លោក ចាវ បានបន្ដថា កាលពី ៥ឆ្នាំមុន កងកម្លាំងសហរដ្ឋអាមេរិក ដែលប្រើប្រាស់ព័ត៌មានសម្ងាត់ក្លែងក្លាយ ដែលប្រមូលបានពីវីដេអូ ដែលរៀបចំដោយ “White Helmets” ជាភស្តុតាង បានធ្វើ “ការវាយប្រហារ តាមអាកាសយ៉ាងច្បាស់លាស់បំផុត ក្នុងប្រវត្តិសាស្ត្រ” នៅក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ជនស៊ីវិល ស្លូតត្រង់ជាង ១៦០០នាក់។

 លោក បន្ថែមថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហគមន៍អន្តរជាតិ បាននឹងកំពុងអំពាវនាវ ឱ្យមានការស៊ើបអង្កេតលើការស្លាប់របស់ជនស៊ីវិលនៅក្នុងប្រតិបត្តិការយោធា នៅក្រៅប្រទេសរបស់សហរដ្ឋអាមេរិក”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top