ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានថ្លែងនៅថ្ងៃសុក្រនេះថា ស្ថានភាពអ៊ុយក្រែន “មានភាពរំជើបរំជួលខ្លាំង” ហើយថា វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្ររុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចចរចាលើបទឈប់បាញ់ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលបិទសម័យប្រជុំសភាប្រចាំឆ្នាំ លោក Li មិនបានឆ្លើយចំៗទៅលើសំណួររបស់ ទីភ្នាក់ងារព័ត៌មាន Reuters អំពី ថាតើ ចិន នឹងបដិសេធមិនថ្កោលទោសរុស្ស៊ី មិនថាប្រទេសនោះធ្វើអ្វី ឬ ថាតើ ចិន ត្រៀមខ្លួនផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ដែរឬទេ ខណៈដែលរុស្ស៊ីប្រឈមនឹងទណ្ឌកម្ម ។
គួរបញ្ជាក់ថា ចិន និងរុស្ស៊ី បានបង្កើតភាពជាដៃគូជិតស្និទ្ធកាន់តែខ្លាំងឡើង ហើយចិន បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ឬហៅវាថា ជាការឈ្លានពាន អ្វីនៅឡើយទេ ។
ក្រុងប៉េកាំងបានសម្តែង ការប្រឆាំងម្តងហើយម្តងទៀត ចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាទណ្ឌកម្មខុសច្បាប់ដែលដាក់ ដោយលោកខាងលិចមកលើរុស្ស៊ី ហើយបានអំពាវនាវឱ្យមាន ដំណោះស្រាយចរចារចំពោះវិបត្តិនេះ។
ទន្ទឹមនឹងនេះ លោក Li បានបញ្ជាក់កាលពីថ្ងៃសុក្រថា គ្រោងនឹងចុះចេញពីតំណែង បន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់គាត់ ផុតកំណត់នៅខែមីនាខាងមុខនេះ ។
ឈរក្នុងលេខរៀងទី២ នៅក្នុងឋានានុក្រមនៃ បក្សកុម្មុយនិស្តដែលកំពុង កាន់អំណាចរបស់ប្រទេសចិន លោក Li បានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៣ ហើយត្រូវបានរដ្ឋធម្មនុញ្ញ កំណត់ត្រឹម២អាណត្តិ ។
លោក Li បានប្រាប់សន្និសីទសារព័ត៌មានថា “នេះគឺជាឆ្នាំចុងក្រោយដែលខ្ញុំ នឹងក្លាយជានាយករដ្ឋមន្ត្រី“ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា