វ៉ាស៊ីនតោន ៖ សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដកហូតឋានៈពាណិជ្ជកម្មជាប្រទេស ដែលពេញចិត្តបំផុត របស់រុស្ស៊ី ចំពេលមានវិបត្តិ អ៊ុយក្រែន ដោយកត់សម្គាល់ថា ខ្លួននឹងធ្វើការជាមួយក្រុម ប្រទេសទាំងប្រាំពីរ (G7) និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មថ្មី។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន និងមេដឹកនាំ G7 ផ្សេងទៀត “នឹងប្រកាសពីសកម្មភាព សេដ្ឋកិច្ចថ្មី ដើម្បីផ្តាច់ប្រទេសរុស្ស៊ី បន្ថែមទៀត ពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក” ។
ការដាក់ទណ្ឌកម្មនេះ បានធ្វើឡើងបន្ទាប់ពីមានការដាក់ទណ្ឌកម្ម ផ្នែកថាមពលលើប្រទេសរុស្ស៊ី ដែលបានប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ក្នុងចំណោមវិធានការ ជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ីជុំវិញ វិបត្តិអ៊ុយក្រែន បើទោះបីជាក្រុមអ្នកវិភាគ បានព្រមានអំពីផលវិបាក ដែលអាចកើតមាន និងការលេចធ្លាយ ជាច្រើនក៏ដោយ ។
នៅថ្ងៃដដែលនោះ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូល ក្រៅផ្លូវការនៅទីក្រុង Versailles ប្រទេសបារាំង ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា ទណ្ឌកម្មថ្មីនេះ មានគោលបំណង ធ្វើឱ្យរុស្ស៊ីកាន់តែឯកោពីប្រព័ន្ធ សេដ្ឋកិច្ចពិភពលោក ។ លោកស្រីក៏បានប្រកាសអំពីផែនការ ស្វែងរកជម្រើសជំនួសឥន្ធនៈរុស្ស៊ី នៅឆ្នាំ២០២៧ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា