ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់ប្រេង លើទីផ្សារពិភពលោក

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានក្រុមហ៊ុនប្រេងជាតិ អ៊ីរ៉ង់ (NIOC) បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់ប្រេង ដែលត្រូវការសម្រាប់ទីផ្សារ ពិភពលោក និងរក្សាស្ថិរភាពតម្លៃ ។

លោក Mohsen Khojasteh Mehr នាយកប្រតិបត្តិ នៃ NIOC បានប្រាប់ IRNA ឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ បានខិតខំប្រឹងប្រែង ដើម្បីទទួលបានចំណែក ប្រេងរបស់អ៊ីរ៉ង់ឡើងវិញ នៅក្នុងទីផ្សារ និងដើម្បីបង្កើនវាឡើងវិញ ។

លោកត្រូវបានគេដកស្រង់សម្តី ថា “វិធានការចាំបាច់ កំពុងត្រូវបាន គេចាត់ទុក សម្រាប់ការដាក់ទណ្ឌកម្ម និង ពេលក្រោយការដាក់ ទណ្ឌកម្ម” សម្រាប់ ប្រទេស អ៊ីរ៉ង់ ដើម្បីវិលមកកាន់ទីផ្សារ ពិភពលោក វិញ ។

លោកបានលើកឡើងថា ជំហររបស់អ៊ីរ៉ង់ក្នុងការផ្គត់ផ្គង់ប្រេង ដល់ពិភពលោក គឺពិសេស ដោយលោកបានបន្ថែមថា ក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុប មានទំនុកចិត្តថា អ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់ ថាមពលប្រកបដោយនិរន្តរភាព ។

លោកបានកត់សម្គាល់ ថា “នៅ NIOC យើង ត្រៀម ខ្លួន ជា ស្រេច ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន អឺរ៉ុប រួមនឹង ក្រុមហ៊ុនផ្សេងទៀត “។ លោក Khojasteh Mehr បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានរៀបចំយ៉ាងពេញលេញ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលទីផ្សារចង់បាន ពីប្រេងរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top