បរទេស៖អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានធ្វើការព្រមានធ្ងន់ៗថាជម្លោះយោធានៅ អ៊ុយក្រែនទោះបីជាវាជាហេតុការណ៍ចៃដន្យ ឬត្រូវបានរៀបចំជាមុនក្តីប៉ុន្តែវា នឹងអាចបង្កហនិភ័យទៅដល់មនុស្សជាតិទាំងមូលពីព្រោះថាជម្លោះនេះ នឹងអាចមានលទ្ធភាពក្នុងការបញ្ចប់ ទៅដោយមានការប្រើប្រាស់នុយក្លេអ៊ែរ។
លោក Guterres បាននិយាយបែបនេះថា៖ការរំពឹងទុកថានឹងមានការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរដែលយើងគិតថាវាជារឿងដែលមិនអាច ទៅរួចនោះពេលនេះកំពុងបានវិលត្រឡប់មកវិញក្នុងកម្រិតអាចទៅរួចឡើងវិញ។
លោកបន្តថា៖សង្គ្រាមមួយនេះ នឹងមិនមានអ្នកចាញ់ឬអ្នកឈ្នះឡើយពោល គឺនឹងចាញ់ទាំងសងខាងហើយពិភពលោកនឹងទទួលលទ្ធផលអាក្រក់ៗដូចជា តម្លៃអាហារឡើងថ្លៃនិងអតិផរណាធ្ងន់ធ្ងរ ខណៈដែលគិតត្រឹមអ៊ុយក្រែនប៉ុណ្ណោះជាប្រទេសដែលបាន ផ្តល់ស្រូវសាឡីចំពោះកម្មវិធីស្បៀងអាហារពិភពលោកដល់ ទៅពាក់កណ្តាលរួចទៅហើយ។
គួរឲ្យដឹងដែរថាតំណាងមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នាម្តងទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះជាលើកទី៤ហើយដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ជឿជាក់ថាជំនួបគ្នាលើកនេះនឹងអាចនាំឲ្យទៅដល់ ជំនួបគ្នាដោយផ្ទាល់រវាងលោកជាមួយនឹង ប្រធានាធិបតីរុស្សី Vladimir Putin ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី