ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងបន្តនៅ ក្នុងកិច្ចចរចា ក្រុងវីយែន រហូតដល់ មានការសម្រេច បាននូវកិច្ចព្រមព្រៀង ដ៏ រឹងមាំមួយ

តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់មួយរូប បានឲ្យដឹងថា អ៊ីរ៉ង់នឹងបន្តនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ “កិច្ចព្រមព្រៀងរឹងមាំ” ឆ្លើយតបនឹងការទាមទារស្របច្បាប់ និង សមហេតុសមផលរបស់ខ្លួន ត្រូវបានសម្រេច។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានសរសេរនៅលើ Twitter ឲ្យដឹង រាល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ គឺផ្តោតលើការរក្សា និងជំរុញផលប្រយោជន៍ជាតិ របស់ប្រទេស បើទោះបីជា “ការបំភាន់ទាំងខាងក្រៅ និងផ្ទៃក្នុងក៏ដោយ” ។

លោកបានបន្ដថា “សសរស្តម្ភទាំងអស់ នៃរដ្ឋអ៊ីរ៉ង់ ទោះបីជាមានការបំផ្លើសទាំងខាងក្រៅ និងខាងក្នុងក៏ដោយ នឹងខិតខំធ្វើការដើម្បីរក្សា និងលើកកម្ពស់ផល ប្រយោជន៍ជាតិរបស់អ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អ៊ីរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាច ក្នុងខែកក្កដា ឆ្នាំ២០១៥។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើងនៅទីក្រុងវីយែនរវាងអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃ JCPOA រួមមាន រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលមានសហរដ្ឋអាមេរិក ចូលរួមដោយប្រយោល ក្នុងគោលបំណងធ្វើឱ្យកិច្ចព្រមព្រៀង សំខាន់ឡើងវិញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top