ព័ត៌មានអន្តរជាតិ

Update: ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនថា សន្តិភាពជាមួយរុស្ស៊ី អាចនឹងត្រូវធ្វើឡើងនៅខែឧសភា

បរទេស៖ លោក Alexey Arestovich ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងម៉ូស្គូ និងក្រុងគៀវ អាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ ក្នុងពេលដែលប្រទេសរុស្ស៊ី បានវាយប្រហាររដ្ឋជិតខាង របស់ខ្លួនមួយនេះ តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Alexey Arestovich នៅលើបណ្តាញ YouTube របស់ Mark Feygin សកម្មជននយោបាយថា “ខ្ញុំជឿថា ទំនងជាយើងនឹងមានកិច្ចព្រមព្រៀងសន្តិភាព នៅខែឧសភា នៅដើមខែឧសភា ឬប្រហែលជាមុននេះបន្តិច។

យើងនឹងឃើញថាវាទៅជាយ៉ាងណា» លោក Arestovich បាននិយាយកាលពីថ្ងៃចន្ទ ខណៈកំពុងបង្ហាញខ្លួននៅលើបណ្តាញ YouTube របស់ Mark Feygin សកម្មជននយោបាយ។

លោកបានបន្ថែមថា នៅក្នុងសេណារីយ៉ូករណីល្អបំផុត កិច្ចព្រមព្រៀងស្តីពីការដកទ័ពរុស្ស៊ីអាចឈានដល់ ក្នុងរយៈពេល “មួយទៅពីរសប្តាហ៍” ។ 

លោកទីប្រឹក្សាបាននិយាយថា ជុំទីបួននៃកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ តាមរយៈវីដេអូគឺមានលក្ខណៈ “ស្ថាបនា” ជាង។ Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនម្នាក់ទៀត បាននិយាយថា អ្នកចរចាបាន “ផ្អាកបច្ចេកទេស” រហូតដល់ថ្ងៃអង្គារ សម្រាប់ “ការបញ្ជាក់អំពីនិយមន័យបុគ្គល”៕

ប្រែសម្រួលៈ ណៃ តុលា

To Top