ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ រួមគ្នាឆ្ពោះទៅអនាគត ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ មានភាពអស្ចារ្យដូចគ្នា

នៅយប់ថ្ងៃទី ១៣ ខែមីនា ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ បានបើកធ្វើនៅកីឡដ្ឋានជាតិចិន នៅក្រុងប៉េកាំង ។ “ការណាត់គ្នាក្នុងឱកាស អភិវឌ្ឍចលនាកីឡាព្រិលទឹកកក របស់ប្រទេសចិន” លើកនេះបានដំណើរការ ពីរដូវរងា ដល់រដូវផ្ការីក និងបានបិទបញ្ចប់ប្រកបដោយល្អឥតខ្ចោះ ស្របពេលជាមួយគ្នានេះ វាក៏បានក្លាយជាទីចាប់ផ្តើម នៃដំណើរអភិវឌ្ឍន៍ថ្មី របស់ចលនាកីឡាព្រិលទឹកកក របស់មនុស្សជាតិផងដែរ ។

តាមរយៈការរៀបចំធ្វើព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ពិភពលោកបានមើលឃើញម្តងទៀតថា ទីក្រុងប៉េកាំង ដែលប្រកបដោយភាពកក់ក្តៅ និងប្រទេសចិន ដែលមានទំនួលខុសត្រូវ ហើយបានបង្ហាញពីគំរូដ៏ល្អបវរ នៃការជំរុញសាមគ្គីភាព និងមេត្រីភាពរបស់មនុស្សជាតិ ទៅកាន់ពិភពលោក ដែលមានភាពវឹកវរ ។

“ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ មានភាពអស្ចារ្យដូចគ្នា “ប្រទេសចិន បានធ្វើតាមពាក្យសន្យារបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ។ ប្រសិនបើការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានផ្លាស់ប្តូរប្លង់នៃចលនាកីឡាព្រិលទឹកកក របស់ពិភពលោក នោះ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ក៏បានលើកកម្ពស់កម្រិត នៃការរៀបចំធ្វើការប្រកួត កីឡាប៉ារ៉ាឡាំពិករដូវរងា ឱ្យឈានដល់កម្រិតថ្មីមួយ ។ អត្តពលិកមកពីប្រទេស និងតំបន់ជាច្រើន និងគណៈកម្មាធិការ កីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរៀបចំ ការប្រកួតកីឡាអន្តរជាតិ និងការផ្តល់សេវានៅកីឡដ្ឋាន នៃព្រឹត្តិការណ៍ប្រកួត កីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ដោយផ្តោតសំខាន់ លើការដកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។

“បើការទប់ទល់នឹងការរីករាលដាល នៃជំងឺកូវីដ ១៩ ក៏មានមេដាយមាស នោះ គួរផ្តល់ជូនប្រទេសចិនមួយគ្រឿង “។ នេះបើតាមការលើកឡើង របស់អ្នកនាង Linda Le Bon អត្តពលិកនៃប្រទេសបែលហ្សិក ។ ក្រោមសភាព ដែលមានជំងឺឆ្លងរាលដាលយ៉ាងខ្លាំងក្លា គោលនយោបាយបង្ការជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍ប្រកួតកីឡា ប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ ធ្វើឱ្យអ្នកនាងទុកចិត្តក្រៃលែង អ្នកនាងបានប្រាប់ថា នេះជាការដកបទពិសោធន៍ប្លែក បើប្រៀធៀបនឹងទីតាំង ប្រកួតអន្តរជាតិផ្សេងទៀត អត្តពលិកអាចផ្តោតការ យកចិត្តទុកដាក់ទាំងស្រុង តែលើការប្រកួត ។ ចំណែកឯអ្នកនាង Barbara van Bergen អត្តពលិកវិញ្ញាសារជិះស្គីភ្នំអាល់ផែន នៃប្រទេសហូឡង់ ដែលបានចូលរួមការប្រកួត កីឡាប៉ារ៉ាឡាំពិកជាលើកទី ៤ បានបង្ហោះសារ តាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីចែករំលែកការដកពិសោធន៍ ដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត ចំពោះការចូលរួម ការប្រកួតកីឡាប៉ារ៉ាឡាំពិក នៅក្រុងប៉េកាំង ។ អ្នកនាងបានសរសេរថា “មានទឹកចិត្តរំភើបណាស់ ហ្វឹកហាត់នៅទីនេះ គួរឱ្យសប្បាយចិត្តណាស់” ។

ដោយឡែកគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ បានថ្លែងថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ ទទួលបានការកោតសរសើរខ្ពស់ ពីបណ្តាភាគីទាំងការរៀបចំ ការប្រកួតកីឡាអន្តរជាតិ ការផ្តល់សេវាកម្ម និងការធានាសុវត្ថិភាពជាដើម ប្រធានប្រតិភូកីឡានានា បានរួមគ្នាកោតសរសើរថា ការប្រកួតលើកនេះ បានដំណើរការយ៉ាងរលូន ឯអត្តពលិកទទួលបាន សេវាថែទាំយ៉ាងល្អប្រសើរ ។

ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង លើកនេះ គណៈប្រតិភូកីឡាចិន បានស្ថិតក្នុងលេខរៀងទី ១ ទាំងក្នុងតារាងមេដាយមាស និងតារាងមេដាយ នេះមិនត្រឹមតែបានបង្កើតស្នាដៃ ល្អបំផុតរបស់ចិន ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញ ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង ឥតស្រាកស្រាន្តរបស់ចិន ក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុ កីឡានៃជនពិការផងដែរ ។

អត្តពលិកជនពិការមកពីប្រទេស និងតំបន់នានាទទួលបាន ជ័យលាភីដ៏អស្ចារ្យបំផុត ក្នុងឆាកជីវិតរបស់ពួកគេ ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ ចំណែកឯជនពិការជាង ១ ពាន់លាននាក់ នៅទូទាំងពិភពលោក រហូតដល់មនុស្សជាតិទាំងមូល ក៏ទទួលអារម្មណ៍យ៉ាងពិតប្រាកដ ពីស្មារតីកីឡាដ៏អស្ចារ្យ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំងផងដែរ ។

គួររំលឹកថា ចាប់តាំងពីព្រឹត្តិការណ៍ប្រកួត កីឡាប៉ារ៉ាឡាំពិករដូវរងា លើកទីមួយ បានប្រារព្ធឡើងនៅប្រទេសស៊ុយអែត កាលពីឆ្នាំ ១៩៧៦ មក ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា បានពង្រឹងនិងពង្រីកការអភិវឌ្ឍជាបន្តបន្ទាប់ បានក្លាយជាឆាកជីវិត សម្រាប់អត្តពលិកជនពិការ នៅលើពិភពលោក ដើម្បីបង្ហាញពីកម្រិតប្រកួតប្រជែង និងបកស្រាយយ៉ាងរស់រវើក នូវគុណតម្លៃអាយុជីវិត ហើយវាក៏បានកសាងស្ពាន សម្រាប់ពិភពលោក ដើម្បីបង្កើនចំណងមិត្តភាពផងដែរ ។ បច្ចុប្បន្ននេះ ទោះបីជាជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាល និងតំបន់មួយចំនួននៅលើពិភពលោក នៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង នៅតែរៀបចំតាមពេលកំណត់ នេះជាការរួមចំណែកថ្មី របស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍ នៃកិច្ចការអូឡាំពិក និងបុព្វហេតុជនពិការ ។

ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បាននាំមកនូវភាពកក់ក្តៅ និងរំភើបចិត្តកាន់តែច្រើន ជូនដល់ពិភពលោក ក៏ដូចជានាំមកនូវក្តីសង្ឃឹម ជូនដល់អ្នកផងទាំងពួង ដែលបាននិងកំពុងរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក៏បានបំពេញបន្ថែម នូវជំនឿចិត្តកាន់តែច្រើន ទៅក្នុងពិភពលោក ដែលមានភាពវឹកវរផងដែរ ។

ក្នុងនាមជាព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងាមុនគេបង្អស់ បន្ទាប់ពីដាក់បញ្ចូលបាវចនាអូឡាំពិក “កាន់តែសាមគ្គីភាព”រួចមក ការរៀបចំដោយជោគជ័យ នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង មិនត្រឹមតែជាភាពជោគជ័យ របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាភាពជោគជ័យ របស់ពិភពលោកទាំងមូលផងដែរ វាមិនត្រឹមតែជាជ័យជំនះ នៃចលនាកីឡាប៉ុណ្ណោះទេ ហើយក៏ជាជ័យជំនះ នៃសាមគ្គីភាពផងដែរ ។

ការពិតជាក់ស្តែង បានបញ្ជាក់ម្តងទៀត ទៅកាន់ពិភពលោកថា ប្រទេសចិនគឺគួរឱ្យជឿទុកចិត្តបាន ។ ប្រទេសចិនបានបង្ហាញ នូវការប្រកួតកីឡាអូឡាំពិករដូវរងា ដ៏ឱឡារិកដែលប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យ ជូនចំពោះទូទាំងពិភពលោក ដែលធ្វើឱ្យអត្តពលិកមកពីប្រទេសនានា អាចផ្តោតការយកចិត្តទុកដាក់ទាំងស្រុង តែលើការផ្លាស់ប្តូរបទពិសោធន៍ និងការប្រកួតនៅទីនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏មានជំនឿចិត្ត និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ដែលមានភាពអស្ចារ្យដូចគ្នា ក្នុងន័យលើកទឹកចិត្តឱ្យអត្តពលិកជនពិការ បង្ហាញពីគុណតម្លៃរបស់ចលនា កីឡាប៉ារ៉ាឡាំពិកស្តីពី “ភាពក្លាហាន ការប្តេជ្ញាចិត្ត ការលើកទឹកចិត្តនិងសមភាព” ព្រមទាំងធានាអះអាង ឱ្យអត្តពលិកជនពិការ អាចបង្ហាញយ៉ាងពេញលេញ នូវភាពស្រស់ស្អាតនៃអាយុជីវិត ពីការដកបទពិសោធន៍ដ៏ល្អបវរ ។

សូមរំលឹកថា លោក Juan Antonio Samaranch ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ធ្លាប់ថ្លែងថា “ជនពិការចូលរួមលេងកីឡា គឺជាចលនាកីឡាសម្រាប់ដាស់ ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈ របស់មនុស្សជាតិ ។ បច្ចុប្បន្ននេះ នៅទូទាំងពិភពលោក មានចំនួនជនពិការលើសពី ១ពាន់លាននាក់ ដែលប្រហែលត្រូវជា ១៥ ភាគរយ នៃចំនួនប្រជាជនសរុប ក្នុងនោះ ប្រទេសចិន មានចំនួនជនពិការជាង ៨៥ លាននាក់ ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង បានផ្តល់បង្អួចថ្មី សម្រាប់ឱ្យពិភពលោក អាចមើលឃើញពីវត្តមាន កិច្ចខិតខំប្រឹងប្រែង និងភាពមិនងាយរបស់ជនពិការ ស្របពេលជាមួយគ្នានេះ វាក៏បានផ្តល់ឱកាសដល់ពិភពលោក ដើម្បីលើកទឹកចិត្តដល់អត្តពលិកជនពិការ ដែលបានធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរ ព្រមទាំងជំរុញឱ្យសង្គមទាំងមូល ផ្តល់ការយកចិត្តទុកដាក់ ចំពោះជនពិការ ។

គួរបញ្ជាក់ថា វិធានការបង្ការជំងឺឆ្លង នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានគិតគូរដល់ស្ថានការណ៍ និងតម្រូវការជាក់ស្តែង នៃការប្រកួតនិងជនពិការ ដែលបានគោរពយ៉ាងពេញលេញ នូវឆន្ទៈរបស់ជនពិការ បានបង្កើនការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរដោយវិជ្ជមាន ដើម្បីផ្តល់សេវាល្អទាន់ចិត្ត ។ ដោយឡែក ច្រកចេញចូល ៨១ ភាគរយ បញ្ជរផ្តល់សេវា ៥៦ ភាគរយ បន្ទប់ទឹក ៣៨ ភាគរយ ជាដើមដែលជាចំណែកសំខាន់ នៃបរិក្ខារផ្តល់សេវាចម្រុះ ក្នុងភូមិទូទាំងប្រទេសចិន ត្រូវបានកែច្នៃ ដើម្បីបន្ថែមភាពងាយស្រួល ដល់ជនពិការ ប្រការនេះធ្វើឱ្យជនពិការចិនចំនួន ៨៥ លាននាក់ ទទួលបានផលប្រយោជន៍ពីក្នុងនោះ ។

គួរបញ្ជាក់ផងដែរថា ភាពស្និទ្ធស្នាលនិងកក់ក្តៅ នៃការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ជាគំរូមួយដែលបានបង្ហាញឱ្យឃើញថា បុព្វហេតុកីឡានៃជនពិការរបស់ចិន កំពុងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ។ នាពេលថ្មីកន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅស ស្តីពី 《ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិរបស់ជនពិការ ប្រទេសចិន》 ជាលើកដំបូង ដោយបានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យបង្ហាញ ឱ្យឃើញថា ជនពិការចូលរួមលេងកីឡា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹងសុខភាព ទាំងរាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវការរីកចម្រើន ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រ ដ៏ពិសេសសម្រាប់ឱ្យប្រជាជនយល់ដឹង ពីសក្តានុពលនិងគុណតម្លៃរបស់ជនពិការ ក៏ដូចជាជំរុញភាពចុះសម្រុងគ្នា និងវឌ្ឍនភាពរួមរបស់សង្គមផងដែរ ។

បន្ទាប់ពីការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ កីឡាដ្ឋានទាំងអស់ នឹងបើកទាំងស្រុងឱ្យសាធារណជន ចូលលេងកីឡាក្នុងន័យសម្រេចបាន នូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព ។ សមិទ្ធផលជាផ្លែផ្កាគ្រប់ប្រការ នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង កំពុងជ្រាបចូលក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនចិន ។

“ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ មានភាពអស្ចារ្យដូចគ្នា ។” យើងរំពឹងថា “រួមគ្នាឆ្ពោះទៅអនាគត” ជាពន្លឺនៃសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ ដែលប្រមូលផ្តុំដោយការប្រកួត កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ មុខជានឹងដើរចេញផុត ពីស្រមោលខ្មៅ និងជំនះព្យុះភ្លៀង ហើយនឹងបំភ្លឺដំណើរថ្មី នៅពេលអនាគតសម្រាប់ឱ្យមនុស្សជាតិ ពួតដៃគ្នាឆ្ពោះទៅមុខជាក់ជាមិនខាន ៕

To Top