រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចាំបាច់ត្រូវបន្តធ្វើឱ្យមាន វឌ្ឍនភាពនយោបាយ ដើម្បីបំបែកភាពជាប់គាំង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
យោងតាមសេចក្តីថ្លែងការណ៍មួយ នៅពេលជួបជាមួយឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន Hady Amr លោកនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន “ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដើម្បីបង្វែរឯកសារនយោបាយ ទៅជាចលនា” ។
លោក Ishtaye បានបន្ថែមថា ចាំបាច់ត្រូវមានកិច្ចសន្ទនានយោបាយ រវាងប៉ាឡេស្ទីន និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចប្រជុំនេះធ្វើឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីគណៈកម្មាធិការរៀបចំផែនការ និងសាងសង់ស្រុកអ៊ីស្រាអែល បានអនុម័តផែនការសាងសង់ផ្ទះថ្មី ចំនួន ៧៣០ ខ្នងនៅតំបន់ Pisgat Ze’ev ដែលជាការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វ នៅក្រុងយេរ៉សាឡឹមខាងកើត ដែលបានធ្វើឱ្យមានការប្រឆាំង និងកំហឹងនៅប៉ាឡេស្ទីន។
កិច្ចចរចាសន្តិភាព ដោយផ្ទាល់ចុងក្រោយ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលត្រូវបានឧបត្ថម្ភ ដោយសហរដ្ឋអាមេរិក និងមានរយៈពេលប្រាំបួនខែ បានបញ្ឈប់នៅក្នុងឆ្នាំ២០១៤ ដោយសារតែមានភាពខុសគ្នាយ៉ាងខ្លាំង លើបញ្ហាទាក់ទងនឹងការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វ ព្រំដែន និងសន្តិសុខ៕ ប្រែសម្រួល ឈូក បូរ៉ា