គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា ការផ្ទុះដ៏ខ្លាំងក្លា ជាបន្តបន្ទាប់បានកក្រើក សង្កាត់លំនៅដ្ឋាន នៃទីក្រុងគៀវ (Kyiv) នៅព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស២នាក់ នៅប៉ុន្មានម៉ោងមុនពេលកិច្ចចរចា រវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានកំណត់ឡើងវិញ ។
យ៉ាងហោចណាស់មានការផ្ទុះធំ ចំនួន៣លើកត្រូវបានឮចេញ ពីកណ្តាលរដ្ឋធានី ដោយបានបញ្ជូនដុំផ្សែង យ៉ាងខ្លាំងទៅលើមេឃ ។
លុះដល់ពេលព្រលឹមស្រាងៗ ការខូចខាតបានលេចធ្លោឡើង ដោយមានការវាយប្រហារមួយ បានចំអគារជាន់ខ្ពស់ចំនួន១៦ជាន់ ។
នៅទីនោះ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងហ៊ុយ ចេញពីអគារ ខណៈដែលក្រុមសេវាសង្គ្រោះបន្ទាន់ និងអ្នកស្រុកដែលស្រឡាំងកាំង បានរុករកផ្លូវដែលរារាំង ដោយកញ្ចក់ ដែក និងកំទេចកំទីផ្សេងៗដែលរាយប៉ាយពេញផ្លូវ ។
សេវាសង្គ្រោះបន្ទាន់ របស់ប្រទេសអ៊ុយក្រែនបានលើកឡើងថា “សាកសពមនុស្ស២នាក់ត្រូវបានគេរកឃើញ ហើយមនុស្ស ២៧នាក់ត្រូវបានជួយសង្គ្រោះ” ។
អគារលំនៅដ្ឋានមួយផ្សេងទៀត នៅក្នុងតំបន់ Podilsk ក៏រងការវាយប្រហារផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា