ព័ត៌មានអន្តរជាតិ

តួកគី បញ្ជូនអ្នកការទូត ទៅកាន់រុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងបង្កើត បទឈប់បាញ់ ក្នុងជម្លោះបច្ចុប្បន្ន

អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេស តួកគី លោក Mevlut Cavusoglu នឹងជួបពិភាក្សាគ្នាក្នុងប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ ហើយនឹងទៅបំពេញ ទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃបន្ទាប់ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតបទឈប់ បាញ់រវាងភាគីជម្លោះ ។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា “ខ្ញុំកំពុងបញ្ជូន រដ្ឋមន្ត្រីការបរទេស របស់យើងទៅប្រទេសរុស្ស៊ីនៅថ្ងៃនេះ ។ លោកនឹងជួបពិភាក្សានៅទីក្រុងម៉ូស្គូ នៅថ្ងៃស្អែក ហើយនឹងធ្វើដំណើរទៅ អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍” ។

ប្រធានាធិបតីតួកគីបានលើកឡើងថា “លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេច បានបទឈប់បាញ់ និងសន្តិភាព តាមរយៈការពិភាក្សា ជាមួយភាគីទាំងពីរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះ នៃរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន នៅខាងក្រៅវេទិកាការទូត កាលពីសប្តាហ៍មុន សម្រាប់ការចរចាកម្រិតខ្ពស់ លើកដំបូងរបស់ពួកគេ បើទោះបីជាកិច្ចពិភាក្សា មិនទទួលបានលទ្ធផល ណាមួយ សម្រាប់បទឈប់ បាញ់ក៏ដោយ។

លោក Erdogan បានបញ្ជាក់ម្តងហើយម្តងទៀតថា ទីក្រុងអង់ការ៉ា មិនអាចបោះបង់ ទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ឬអ៊ុយក្រែន បាននោះទេ ចាប់តាំងពីប្រទេសតួកគី ជាអ្នកជិតខាងនឹងប្រទេស ទាំងពីរនៅក្នុងសមុទ្រខ្មៅ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top