ញូវយ៉ក៖ តម្លៃប្រេងបានបន្ដធ្លាក់ចុះកាលពីថ្ងៃអង្គារ ខណៈក្តីបារម្ភជុំវិញការរំខានដល់ការផ្គត់ផ្គង់បានធូរស្រាលឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបាត់បង់ ៦,៥៧ដុល្លារ ឬ ៦,៤ភាគរយ មកទូទាត់នៅ តម្លៃ ៩៦,៤៤ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានធ្លាក់ចុះ ៦,៩៩ ដុល្លារ ឬ ៦,៥ ភាគរយ មកបិទនៅតម្លៃ ៩៩,៩១ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
នៅថ្ងៃច័ន្ទប្រេងប្រភេទ WTI និង Brent បានធ្លាក់ចុះ ៥,៨ ភាគរយនិង ៥,១ ភាគរយរៀងគ្នា។ការធ្លាក់ចុះគួរឱ្យកត់សម្គាល់បានកើតឡើងនៅពេលដែលការចរចារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែផ្តល់នូវក្តីសង្ឃឹមនៃការសហការគ្នា។
លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានឲ្យដឹងកាលពីថ្ងៃអង្គារថា “ក្តីសង្ឃឹមនៃបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន គឺនៅពីក្រោយការធ្លាក់ចុះនៃតម្លៃប្រេង និងឧស្ម័ន” ។
លោកបានបន្តថា ការព្រួយបារម្ភនៃការផ្គត់ផ្គង់ត្រូវបានធូរស្រាលផងដែរ ខណៈផលិតកម្មប្រេងរបស់រុស្ស៊ីនៅតែហាក់ដូចជាដំណើរការដូចធម្មតា បើទោះបីជាមានការដាក់ទណ្ឌកម្ម និងបញ្ហានៃការលក់ប្រេងក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Ukrayinska Pravda បានរាយការណ៍ដោយដកស្រង់សម្តីលោក David Arakhamia សមាជិកនៃគណៈប្រតិភូអ៊ុយក្រែនថា គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានបន្តកិច្ចចរចាសន្តិភាពកាលពីថ្ងៃអង្គារ៕ប្រែសម្រួល ឈូក បូរ៉ា