គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបញ្ចូលបណ្តាញ បញ្ជូនអគ្គិសនីរបស់ខ្លួន ទៅក្នុងប្រព័ន្ធថាមពលអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “អ៊ុយក្រែន បានក្លាយជាសមាជិក នៃសហភាពថាមពលអឺរ៉ុប។ ការបង្រួបបង្រួម នៃប្រព័ន្ធថាមពលអ៊ុយក្រែន និងអឺរ៉ុបត្រូវបានបញ្ចប់”។
អ៊ុយក្រែន ដែលកំពុងនាំចូលអគ្គិសនី ពីរុស្ស៊ី និងបេឡារុស កាលពីឆ្នាំមុន បានកំណត់ទិសដៅ បញ្ចូលប្រព័ន្ធថាមពលរបស់ខ្លួន ទៅក្នុងបណ្តាញប្រតិបត្តិករ ប្រព័ន្ធបញ្ជូនអគ្គិសនី នៅអឺរ៉ុបត្រឹមឆ្នាំ២០២៣។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អង្គភាពនុយក្លេអ៊ែរ ១៥ នៅរោងចក្រថាមពល នុយក្លេអ៊ែរ អ៊ុយក្រែន ចំនួន ៤ បង្កើតបានប្រហែល ៥៥ភាគរយនៃតម្រូវការអគ្គិសនី របស់ប្រទេសអ៊ុយក្រែន។ រោងចក្រថាមពលកំដៅ ផលិតបាន ២៩ ភាគរយនៃអគ្គិសនី របស់ប្រទេសអ៊ុយក្រែន ខណៈដែលនៅសល់ត្រូវបានផ្គត់ផ្គង់ ដោយប្រភពផ្សេងទៀត ឬនាំចូលពីបរទេស៕ ប្រែសម្រួល ឈូក បូរ៉ា
