ព័ត៌មានអន្តរជាតិ

Update: មេដឹកនាំកំពូល អ៊ុយក្រែន និងរុស្ស៊ី អាចនឹងជួបចរចាគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍ ដោយដកស្រង់សម្តីទី ប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សា ជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

លោក Podolyak ដែលជាសមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី ត្រូវបានដកស្រង់សម្តីថា “ជាក់ស្តែង មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមនេះ គឺការពិភាក្សា ដោយផ្ទាល់ រវាងប្រធានាធិបតីទាំងពីរ ហើយនេះគឺជាអ្វី ដែលយើងកំពុងធ្វើការ នៅក្នុងកិច្ចចរចាបច្ចុប្បន្ន” ។

មន្ត្រីរូបនេះបានលើកឡើងថា ការងារកំពុងដំណើរការ ដើម្បីរៀបចំឯកសារ ដែលអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា ភាគី អ៊ុយក្រែន មានក្តីសង្ឃឹមខ្ពស់ថា បទឈប់បាញ់ នឹងអាចសម្រេចបាន ក្នុងពេលខាងមុខ ។ ការចរចាជុំទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណភ្ជាប់វីដេអូ ហើយបានបន្តដល់ថ្ងៃពុធម្សិលមិញនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top