ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបន្តមកដល់ថ្ងៃព្រហស្បតិ៍ ខណៈភាគីពាក់ព័ន្ធ កំពុងធ្វើការ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។ ខាងក្រោមនេះជាការវិវត្តន៍ចុង ក្រោយនៃស្ថានភាពជម្លោះ រវាងប្រទេសទាំងពីរ ។
បន្ទាប់ពីការចរចារជាថ្មី រវាងរុស្ស៊ី និងអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួន ដើម្បីបន្តការចរចាត្រីភាគី ក្នុងកម្រិតខ្ពស់ជាមួយអ៊ុយក្រែន ដែលសម្របសម្រួលដោយតួកគី ។
លោក Lavrov បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា របស់គាត់ជាមួយសមភាគី តួកគី Mevlut Cavusoglu នៅទីក្រុងម៉ូស្គូ ថា “ប្រសិនបើគំនិតផ្តួចផ្តើមបែបនេះលេចឡើង យើងនឹងរីករាយក្នុងការបន្ត ទំនាក់ទំនងក្នុងទម្រង់នេះ” ។
លោកបានពន្យល់ថា ទីក្រុងម៉ូស្គូ នឹងចាប់អារម្មណ៍តែលើកិច្ចពិភាក្សា ជាមួយអ៊ុយក្រែន ប្រសិនបើការងារទាំងនេះ នាំទៅរកលទ្ធផលជាក់ស្តែង និងដោះស្រាយបញ្ហា ដែលមានស្រាប់ ។
ក្រុមអ្នកក្តាប់ព័ត៌មាន របស់លោកបានលើកឡើងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានរាយបញ្ជីអាទិភាពចំនួន ៦ក្នុងអំឡុងពេលការចរចា សន្តិភាពជាមួយប្រទេសរុស្ស៊ី ។
“អាទិភាពរបស់ខ្ញុំក្នុងការចរចា គឺច្បាស់ណាស់៖ ការបញ្ចប់សង្គ្រាម ការធានាសន្តិសុខ អធិបតេយ្យភាព ការស្ដារឡើងវិញនូវបូរណភាពទឹកដី ការធានាពិតប្រាកដសម្រាប់ប្រទេស របស់យើង ការការពារពិតប្រាកដសម្រាប់ ប្រទេសរបស់យើង” ។ លោក Zelensky បានថ្លែងដូច្នេះស្របពេល ដែលគាត់បានថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា