បរទេស៖ ជំនួយការ របស់លោកប្រធានាធីបតី Zelensky គឺលោក Mikhail Podolyak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំអាចកើតឡើងបានលុះត្រាតែ “សន្ធិសញ្ញាសន្តិភាព” រវាងក្រុងកៀវ និងទីក្រុងមូស្គូ ត្រូវបានចុះហត្ថលេខា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Podolyak បានប្រាប់ Wirtualna Polska នៅក្នុងបទសម្ភាសន៍មួយថា “ដរាបណាការងារលើកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ យើងនឹងចាប់ផ្តើមរៀបចំ កិច្ចប្រជុំ។ វានឹងកើតឡើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយទីតាំងមិនសំខាន់ សម្រាប់យើងទេ វាអាចនៅគ្រប់ទីកន្លែង លើកលែងតែប្រទេស រុស្ស៊ី” ។
មន្ត្រីរូបនេះបានអះអាងថា ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពអាចចំណាយពេលខ្លះ ចាប់ពីច្រើនថ្ងៃទៅមួយសប្តាហ៍កន្លះ។ លោកបានទទួលស្គាល់ថា បច្ចុប្បន្ននេះ ទាំងភាគីអ៊ុយក្រែន និងរុស្ស៊ីកំពុង «ទទូចលើទស្សនៈរៀងខ្លួន»៕
ប្រែសម្រួលៈ ណៃ តុលា