បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីចិន លោកប្រធានាធីបតី Xi Jinping នឹងជួបពិភាក្សា ដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ចំពេលមានការព្រួយ បារម្ភកាន់តែខ្លាំងឡើងរបស់អាមេរិក លើទំនាក់ទំនងរបស់ទីក្រុង ប៉េកាំងជាមួយរុស្ស៊ី និងគោលជំហរ របស់ខ្លួន ចំពោះសង្គ្រាមដ៏ឃោរឃៅកាន់តែខ្លាំងឡើង នៅក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សេតវិមានអាមេរិក បាននិយាយថា លោក Biden និង លោក Xi នឹងនិយាយតាមទូរស័ព្ទនៅម៉ោង 13:00 GMT នៅថ្ងៃសុក្រ ចំពេលមានការព្រមាន ពីទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិនអាចនឹងពិចារណា ផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសរុស្ស៊ី ។
នៅក្នុងសន្និសីទសារព័ត៌មានមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោក Biden នឹងប្រើប្រាស់ការអំពាវនាវនេះ ដើម្បី “បញ្ជាក់ឱ្យច្បាស់ថា ប្រទេសចិននឹងទទួលខុសត្រូវ ចំពោះរាល់សកម្មភាព ដែលខ្លួនត្រូវធ្វើ ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ី” ហើយនឹងមាន “ការចំណាយ” ចំពោះសកម្មភាពបែបនេះ ។
លោកបាននិយាយថា “ជាពិសេសប្រទេសចិន មានទំនួលខុសត្រូវក្នុងការប្រើប្រាស់ឥទ្ធិពល របស់ខ្លួនជាមួយប្រធានាធិបតីពូទីន និងដើម្បីការពារច្បាប់ និងគោលការណ៍អន្តរជាតិ ដែលខ្លួនអះអាងថាគាំទ្រ” ៕
ប្រែសម្រួលៈ ណៃ តុលា