គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសុក្រថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ។
លោក Podolyak ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរនូវបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់” ។
គួររំលឹកថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណតាមភ្ជាប់វីដេអូ ។
កាលពីថ្ងៃពុធ លោក Podolyak បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
