ព័ត៌មានអន្តរជាតិ

Updated ៖ អ៊ុយក្រែន ច្រានចោល នូវការដាក់ឳសានវាទ ពីរុស្ស៊ី នៅក្នុងក្រុង Mariupol

ម៉ារីយូប៉ូល/អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា អ៊ុយក្រែនបានឲ្យដឹងថា ខ្លួន នឹងមិនទទួលយកឱសានវាទ ពីរុស្ស៊ីទេ បន្ទាប់ពីក្រុងម៉ូស្គូ បានទាមទារឱ្យខ្លួន បញ្ឈប់ការការពារ ទីក្រុង Mariupol ដែលឡោមព័ទ្ធ ជាកន្លែង ដែលជនស៊ីវិល រាប់សែននាក់ កំពុងរងគ្រោះ តាមរយៈការទម្លាក់គ្រាប់បែក របស់រុស្ស៊ី ដែលដាក់កាកសំណល់ ទៅកាន់ទីក្រុងរបស់ពួកគេ។

គួរបញ្ជាក់ថា ក្រុង Mariupol បានក្លាយជាចំណុចស្នូល នៃការវាយលុករបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ប៉ុន្តែការវាយប្រហារ ក៏ត្រូវបានគេរាយការណ៍ថា បានកាន់តែខ្លាំងឡើងលើទីក្រុង Kharkiv ទី២របស់ប្រទេសនេះកាលពីថ្ងៃ ។

ជម្លោះនេះបានជំរុញស្ទើរតែ១/៤ នៃប្រជាជនអ៊ុយក្រែនចំនួន៤៤លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយអាល្លឺម៉ង់ បានព្យាករណ៍ថា ចំនួនជនភៀសខ្លួន អាចឡើងដល់១០លាននាក់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

ចំណែកអឺរ៉ុប វិញបានលើកឡើងថា រុស្ស៊ី កំពុងប្រើប្រាស់ជនភៀសខ្លួន ជាឧបករណ៍មួយ ហើយថា ខ្លួនបានត្រៀមខ្លួន ដើម្បីចាត់វិធានការបន្ថែមទៀត លើការដាក់ទណ្ឌកម្មដែលមានស្រាប់ ដើម្បីដាក់ឱ្យនៅដាច់ ដោយឡែកពីប្រទេសរុស្ស៊ី ពីហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក ។

គេបានដឹងថា យោធារុស្ស៊ី បានបញ្ជាឱ្យអ្នកស្រុក Mariupol ប្រគល់ខ្លួននៅម៉ោង៥ព្រឹកម៉ោង ក្នុងស្រុកកាលពីថ្ងៃចន្ទ ដោយបានលើកឡើងថា អ្នកដែលធ្វើដូច្នេះអាចចាកចេញបាន ខណៈដែលអ្នកដែលស្នាក់នៅនឹងត្រូវបញ្ជូន ទៅតុលាការដែលគ្រប់គ្រង ដោយពួកបំបែកខ្លួន ដែលគាំទ្រដោយក្រុងម៉ូស្គូ ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឆ្លើយតបថា ខ្លួននឹងមិនឱនក្បាលដល់ឱសានវាទឡើយ ហើយបានលើកថា ទីក្រុងដូចជារដ្ឋធានី Kyiv, Mariupol និង Kharkiv នឹងតែងតែប្រឆាំង នឹងការកាន់កាប់នោះ ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានថ្លែងថា “មិនអាចមានសំណួរ អំពីការចុះចាញ់ណាមួយឡើយ” នៅក្នុង ក្រុង Mariupol ។

ការឈ្លានពានរបស់រុស្ស៊ី នាពេលឥឡូវនេះនៅក្នុងសប្តាហ៍ទី៤ របស់ខ្លួនបានជាប់គាំងយ៉ាងខ្លាំង ដោយមិនអាចដណ្តើមយកទីក្រុងធំៗណាមួយបានឡើយ ប៉ុន្តែបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ តំបន់លំនៅដ្ឋានជាច្រើន ។

គេបានដឹងថា ក្រុង Mariupol ជាទីក្រុងកំពង់ផែមួយ នៅសមុទ្រ Azov ដែលមានប្រជាជនចំនួន៤០០.០០០នាក់ បានខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ថាមពល និងទឹកសម្រាប់ប្រើប្រាស់ ។ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានលើកឡើងថា “អ្នកការពារវីរភាព” របស់ខ្លួនបានជួយរារាំងប្រទេសរុស្ស៊ី នៅកន្លែងផ្សេងទៀត ។

លោក Reznikov បានបញ្ជាក់ថា “ដោយសារការលះបង់របស់ពួកគេ និងភាពក្លាហានដ៏អស្ចារ្យ ជីវិតរាប់ម៉ឺននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានសង្គ្រោះ ។ នៅថ្ងៃនេះ ក្រុង Mariupol កំពុងជួយសង្គ្រោះទីក្រុង Kyiv, Dnipro និង Odesa” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top