បរទេស៖ កងទ័ពដែលបានអះអាងថា ជាអ្នកប្រយុទ្ធតាមអ៊ីនធឺណិត ដែលគាំទ្រអ៊ុយក្រែនចំនួន ៣០០ ០០០នាក់ គឺមិនខុសពីក្រុមភេរវជន ក្នុងប្រទេសស៊ីរី ដែលអាមេរិក បានលើកទឹកចិត្តឲ្យប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលក្នុងក្រុងដាម៉ាសនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានព្រមានបែបនេះ។ លោកស្រីក៏បាន ព្យាករកាលពីថ្ងៃពុធថា នៅទីបញ្ចប់ ISIS តាមអ៊ីនធឺណិត នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសលោកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង ការព្រមានដ៏ក្រៀមក្រំនេះ គឺសំដៅទៅលើគម្រោងដែលបាន ប្រកាសកាលពីដើមខែនេះ ដោយរដ្ឋមន្ត្រីឌីជីថល របស់ប្រទេសអ៊ុយក្រែន លោក Aleksander Bornyakov។
ដោយណែនាំអង្គភាពនេះនៅថ្ងៃទី9 ខែមីនា មន្ត្រីរូបនេះបានពណ៌នាថា វាជា “កងទ័ពព័ត៌មានវិទ្យាដំបូងគេ របស់ពិភពលោក” ដែលនឹងរួមបញ្ចូលជនជាតិអ៊ុយក្រែន និងអ្នកឯកទេសមកពីប្រទេសផ្សេងៗ។
នៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយ កាលពីសប្តាហ៍មុន លោកបានបញ្ចេញបន្ថែមទៀត អំពីគោលដៅនៃប្រតិបត្តិការនេះ។ គាត់បានអះអាងថា វារួមបញ្ចូល “មនុស្សជិត ៣០០ ០០០ នាក់” ហើយបាននិយាយថា គោលបំណងគឺដើម្បី “រំខានដល់ការងាររបស់ [រុស្ស៊ី] ធនធានឌីជីថល” និង “ប្រយុទ្ធនឹងការឃោសនា” ដោយបញ្ជូនសាររបស់ទីក្រុងគៀវអំពី អរិភាពក្នុងអ៊ុយក្រែនដល់ពលរដ្ឋរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា