ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប គូសបញ្ជាក់ពីផ្តល់អាទិភាព ដល់កិច្ចសន្ទនា និងដំណោះស្រាយការទូត ក្នុងវិបត្ដិនៅអ៊ុយក្រែន

គ៊ែរ ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានទទួលការហៅទូរស័ព្ទពីសមភាគី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយ នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។

អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពី “ការវិវឌ្ឍន៍ក្នុងដំណើរការចរចា” ទាក់ទងនឹងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ។

ក្នុងអំឡុងពេលសន្ទនា ប្រធានាធិបតីអេហ្ស៊ីប បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងដំណោះស្រាយការទូត “បញ្ជាក់ពីការគាំទ្ររបស់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលនឹងពន្លឿនដំណោះស្រាយ នយោបាយនៃវិបត្តិ” តាមរយៈការពិភាក្សា និងការចរចា ។

លោក Sisi បានបន្ថែមថា ប្រទេសអេហ្ស៊ីប កំពុងតាមដាន “ដោយក្តីបារម្ភយ៉ាងខ្លាំង” ចំពោះការវិវឌ្ឍន៍ជាបន្តបន្ទាប់នៃវិបត្តិ និងផលវិបាក នៃស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top