ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ច្រានចោលការប្រកាសរបស់លោក ពូទីន ចំពោះការផ្លាស់ប្ដូរ ការទទួលពីការលក់ ឧស្ម័នធម្មជាតិ

បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានច្រានចោលការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីការផ្ទេរប្រាក់ទៅជាលុយរូប្លែ ក្នុងកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អាធិការបតីអាល្លឺម៉ង់លោក Scholz បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុមទាំងប្រាំពីរ (G7) នៅទីក្រុងប្រ៊ុចសែល។

ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះរបស់លោក ពូទីន ដែលថាប្រទេសរុស្ស៊ី នឹងទទួលយកតែរូប្លែ សម្រាប់ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ទៅ “ប្រទេសដែលមិនរួសរាយរាក់ទាក់” លោក Scholz បានលើកឡើងថា រូបិយប័ណ្ណនៃការទូទាត់គឺជាផ្នែកមួយនៃកិច្ចសន្យាដែលពាក់ព័ន្ធ។

លោក​បាន​បន្ថែម​ថា ការ​ទូទាត់​នេះ​ជា​ធម្មតា​ធ្វើ​ឡើង​ជា​ប្រាក់​អឺរ៉ូ ឬ​ដុល្លារ។ លោកបានលើកឡើងថា “កិច្ចព្រមព្រៀង និងសន្ធិសញ្ញាភាគច្រើនមានភាពច្បាស់លាស់អំពីរូបិយប័ណ្ណ ដែលការទូទាត់ត្រូវធ្វើ” ។

លោកពូទីន បានឲ្យដឹងកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាលតាមរយៈតំណភ្ជាប់វីដេអូថា ប្រទេសរុស្ស៊ី នឹងបដិសេធមិនទទួលយកប្រាក់ដុល្លារ ឬអឺរ៉ូ ហើយទទួលយកតែប្រាក់រូប្លែ សម្រាប់ឧស្ម័នធម្មជាតិរបស់ខ្លួន ដែលផ្គត់ផ្គង់ទៅ “ប្រទេសដែលមិនរួសរាយរាក់ទាក់” រួមទាំងសមាជិកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោកពូទីន បានសម្រេចចិត្តអនុវត្តសំណុំនៃវិធានការ ដើម្បីផ្ទេរការទូទាត់ទៅជាប្រាក់រូប្លែ ដោយចាប់ផ្តើមពីឧស្ម័នធម្មជាតិរបស់រុស្ស៊ី ក្នុងរយៈពេលដ៏ខ្លីបំផុត៕ប្រែសម្រួល ឈូក បូរ៉ា

To Top