ព័ត៌មានអន្តរជាតិ

អ្នកសម្របសម្រួលអឺរ៉ុប កំពុងធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ង់ ដើម្បីបិទគម្លាត សម្រាប់កិច្ចចរចានុយក្លេអ៊ែរ

ព្រុចសែល៖ អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora បានឲ្យដឹងថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសៅរ៍នេះ ដើម្បីបិទចន្លោះប្រហោង លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។

លោក Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងនៅលើ Twitter ថាលោកគ្រោងនឹងជួបជាមួយ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Ali Bagheri Kani នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទ “ចន្លោះប្រហោងដែលនៅសល់ ក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន”។

 លោកបានលើកឡើងថា “យើងត្រូវតែបញ្ចប់ការចរចានេះ។ ការកត់សម្គាល់របស់លោក Mora បានកើតឡើង ពីរសប្តាហ៍បន្ទាប់ពីសហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា បានប្រកាសពីការផ្អាកនៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ។

ក្នុងឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយ P5+1 (សមាជិកអចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ: ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក បូកនឹងអាល្លឺម៉ង់) និងសហភាពអឺរ៉ុប។  

ទោះយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនជាឯកតោភាគី ចេញពីកតិកាសញ្ញា កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីរ៉ង់ទម្លាក់ចោល ការប្តេជ្ញាចិត្តនុយក្លេអ៊ែរ មួយចំនួន៕

To Top