គៀវ៖ ជាមួយនឹងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានកំណត់ធ្វើឡើងនៅក្នុងប្រទេសតួកគីក្នុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទទូចលើបូរណភាពទឹកដីនៃប្រទេសរបស់លោក បន្ទាប់ពីបានណែនាំមុននេះថា លោកត្រៀមខ្លួនសម្រាប់ការសម្រប សម្រួលណាមួយជាមួយភាគីរុស្ស៊ី។
លោក Zelenskiy បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមវីដេអូរបស់លោកទៅកាន់ប្រជាជនអ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យថា នៅក្នុងកិច្ចពិភាក្សាដែល នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋាភិបាលរបស់លោកនឹងផ្តល់អាទិភាព លើ “បូរណភាពទឹកដី” របស់អ៊ុយក្រែន។
ប៉ុន្តែនៅក្នុងការអត្ថាធិប្បាយដែលបាន ធ្វើឡើងទៅកាន់អ្នកកាសែតរុស្ស៊ី នៅមុនថ្ងៃដែលលោក Zelenskiy បានអនុម័តសម្លេងផ្សេងដោយលើកឡើងថា អ៊ុយក្រែនមានឆន្ទៈក្នុងការទទួល យកស្ថានភាពអព្យាក្រឹត និងការសម្រប សម្រួលលើស្ថានភាពនៃតំបន់ Donbas ភាគខាងកើតជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។
នៅក្នុងការហៅជាវីដេអូដែលវិមានក្រឹមឡាំង បានព្រមានជាមុនមិន ឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រាយការណ៍នោះ លោក Zelenskiy បានលើកឡើងថា កិច្ចព្រមព្រៀងណាមួយត្រូវតែធានាដោយភាគីទីបី ហើយដាក់ឱ្យធ្វើប្រជាមតិ។
លោកបានបន្ថែមថា “ការធានាសុវត្ថិភាព និងអព្យាក្រឹតភាព ស្ថានភាពមិនមែននុយក្លេអ៊ែរនៃរដ្ឋរបស់យើង។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកវា”៕
ប្រែសម្រួល ឈូក បូរ៉ា