ព័ត៌មានអន្តរជាតិ

Update: ជប៉ុន អនុម័តហាមឃាត់ ការនាំចេញ រថយន្ដប្រណិត ទៅកាន់រុស្ស៉ី

តូក្យូ ៖ ប្រទេសជប៉ុនបានអនុម័ត នៅថ្ងៃអង្គារនេះលើការហាមប្រាម លើការនាំចេញរថយន្តទំនើប និងរបស់របរផ្សេងទៀត ទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីអនុវត្តការហាមប្រាម នៅថ្ងៃទី០៥ ខែមេសា ដែលនឹងគ្របដណ្តប់គ្រឿងអលង្ការ និងស្នាដៃសិល្បៈផ្សេងៗទៀតផងដែរ ។

ចំណាត់ការ នេះគឺ មានគោលបំណងបន្ថែម សម្ពាធលើជនឥស្សរជន ដែលបាននិងកំពុងគាំទ្រ ប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខាង ហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិក និងប្រទេសជាសមាជិក សហភាពអឺរ៉ុប ក៏បានចាត់វិធានការ ស្រដៀងគ្នានេះរួចហើយ ។

លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “យើងនឹងធ្វើការ ជាមួយសហគមន៍អន្តរជាតិ រួមទាំងក្រុមនៃប្រជាជាតិ ទាំងប្រាំពីរ G7 ដើម្បីអនុវត្តទណ្ឌកម្ម ដ៏តឹងតែងលើរុស្ស៉ី” ។

យោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានឱ្យដឹងថា រថយន្តមានចំណែកដ៏ធំ នៃការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ពីប្រទេសជប៉ុន ដែលមានចំនួនសរុប ៦២៧,៨ពាន់លានយ៉េន (៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២០ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top