អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង២២នាក់រងរបួស នៅថ្ងៃអង្គារនេះ នៅគ្រាដែលគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី បានវាយប្រហារអគាររដ្ឋបាលក្នុងតំបន់ ក្នុងទីក្រុងកំពង់ផែ Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន នេះបើតាមប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា វីដេអូមួយទៅកាន់សភាដាណឺម៉ាកថា “តាមដែលយើងដឹងឥឡូវនេះមនុស្ស ៧នាក់ត្រូវបានសម្លាប់ ៧នាក់បានរងរបួស ហើយមនុស្សនៅតែ ឆ្លងកាត់គំនរបាក់បែក” ។
រូបភាពមួយដែលត្រូវបានចែករំលែក ដោយអភិបាលក្នុងតំបន់ Vitaliy Kim បានបង្ហាញរន្ធដ៏ធំមួយ នៅផ្នែកម្ខាងនៃអគារ ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ Reuters បានឃើញការបំផ្លិចបំផ្លាញពីចម្ងាយ ហើយរថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនពន្លត់អគ្គីភ័យកំពុងធ្វើ ដំណើរទៅកាន់កន្លែងកើតហេតុ។ តំបន់នេះត្រូវបានបិទ ដោយអាជ្ញាធរអ៊ុយក្រែន ។
រូបភាពរបស់ AFP បានបង្ហាញពីអគាររដ្ឋបាល ដ៏ខ្ពស់ពណ៌ប្រផេះ ជាមួយនឹងផ្នែកធំមួយបានរហែកចេញ និងកំទេចកំទីចោល ពាសពេញផ្លូវក្បែរនោះ ។
លោក Kim បានលើកឡើងថា “ពួកគេបានបំផ្លាញពាក់កណ្តាល នៃអគារបានចូលទៅក្នុង ការិយាល័យរបស់ខ្ញុំ” ។
កងកម្លាំងរុស្ស៊ី បានវាយប្រហារកំពង់ផែភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន រួមមាន Kherson, Odesa, Mykolaiv និង Mariupol ខណៈដែលពួកគេព្យាយាម កាត់អ៊ុយក្រែនចេញពីសមុទ្រខ្មៅ និងបង្កើតច្រករបៀងដីពីរុស្ស៊ីទៅគ្រីមៀ ដែលជាឧបទ្វីបរុស្ស៊ី បានរឹបអូសក្នុងឆ្នាំ២០១៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា