អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានរិះគន់សហរដ្ឋអាមេរិក ចំពោះការមិនផ្តល់ឥណទាន ដល់ប្រទេសប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្ត របស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Khan បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រទេស កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រជាជនប៉ាគីស្ថាន បានរងទុក្ខច្រើនបំផុត ពីបទពិសោធន៍ របស់ប្រទេសក្នុង នាមជាសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងភេរវកម្ម បន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ។
លោកបានលើកឡើង “គ្មានសម្ព័ន្ធមិត្តរបស់អាមេរិក បានរងទុក្ខក្នុង សង្គ្រាមប្រឆាំងភេរវកម្មដូច ប៉ាគីស្ថាននោះទេ ។ គ្មានប្រទេសណាតូណាមួយ ទទួលរងការបាត់បង់មនុស្ស ៨ម៉ឺននាក់ នៅក្នុងសង្គ្រាមអាមេរិកនោះទេ” ។
លោកបានបន្ដថា ទោះបីជាការលះបង់ទាំងអស់ ដែលធ្វើឡើងដោយប៉ាគីស្ថានក៏ដោយ ក៏សហរដ្ឋអាមេរិកមិន ដែលដឹងគុណ ឬថ្លែងអំណរគុណ ចំពោះប៉ាគីស្ថានដែរ ប៉ុន្តែផ្ទុយទៅវិញ ប៉ាគីស្ថាន បានទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលសូម្បីតែក្មេងៗ មកពីសាលាក៏ត្រូវ បានសម្លាប់ដែរ ។
លោកបានបន្ថែម “សូម្បីតែនៅពេល ដែលសហរដ្ឋអាមេរិក កំពុងចាញ់ នៅអាហ្វហ្គានីស្ថានមុន ពេលចាកចេញក៏ដោយ ដោយបានស្តីបន្ទោសប៉ាគីស្ថានថា ខ្លួនបានទទួលការខាតបង់ ដោយសារតែគោលនយោបាយប្រឈម មុខពីររបស់ប៉ាគីស្ថាន” ។
លោក ក៏ បាន អះអាង ដែរ ថា “បណ្ដាប្រទេស នៅបរទេស” កំពុង ព្យាយាម ធ្វើ អន្តរាគមន៍ ក្នុង បញ្ហា នយោបាយ ផ្ទៃក្នុង របស់ ប៉ាគីស្ថាន ដោយ ការ ផ្ញើ ពាក្យ គំរាម កំហែង ដល់ រដ្ឋាភិបាល ប៉ាគីស្ថានរបស់លោក៕