ព័ត៌មានអន្តរជាតិ

អាមេរិក លុបចោលផែនការ ធ្វើតេស្ដមីស៊ីល ICBM ដោយសារជម្លោះនៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានលុបចោលគម្រោង ការបាញ់សាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីប Minuteman III (ICBM) ក្នុងគោលបំណង កាត់បន្ថយភាពតានតឹង នុយក្លេអ៊ែរជាមួយរុស្ស៊ី ចំពេលមានជម្លោះយោធា ដែលកំពុងបន្តនៅអ៊ុយក្រែន។

ការិយាល័យសារព័ត៌មាន របស់កងទ័ពអាកាសអាមេរិក បានបញ្ជាក់ពីការលុបចោលនៅក្នុង ការហៅទូរស័ព្ទជាមួយកាសែត Xinhua ដោយលើកឡើងថា ហេតុផល នៃការសម្រេចចិត្ត គឺដូចគ្នានឹងពេលដែលកងទ័ពអាកាស បានប្រកាសពីការពន្យារពេល នៃការធ្វើតេស្ត នៅថ្ងៃទី០២ ខែមីនា ពោលគឺដើម្បីជៀស វាងការ បកស្រាយខុស ឬការប្រាស្រ័យទាក់ទងខុស ជាមួយរុស្ស៊ីក្នុងអំឡុងពេលយោធា របស់ទីក្រុងម៉ូស្គូ ធ្វើប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។

ប្រភពបានឲ្យដឹងថា “ថ្មីៗនេះនាយកដ្ឋានកងទ័ព អាកាសអាមេរិក បានលុបចោលការហោះហើរសាកល្បង ដែលគ្រោងទុកជាទម្លាប់ នៃការបាញ់កាំជ្រួច LGM-30G Minuteman III ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២២ ។

ការបាញ់បង្ហោះត្រូវបានពន្យារពេលពីមុន ដោយសារការប្រុងប្រយ័ត្នច្រើនពេក ដើម្បីជៀសវាងការបក ស្រាយខុស ឬការទំនាក់ទំនងខុសក្នុងអំឡុង ពេលការលុកលុយរបស់រុស្ស៊ី ដែលកំពុងបន្តទៅលើអ៊ុយក្រែន ហើយ ត្រូវ បាន គេ លុប ចោល ដោយ ហេតុផល ដូច គ្នា”

លោក Stefanek បានបន្ថែមថា “ការសាកល្បងបន្ទាប់ របស់យើង ដែលបានគ្រោងទុកគឺនៅចុងឆ្នាំនេះ។ នាយកដ្ឋានមានទំនុកចិត្ត លើការត្រៀមខ្លួន នៃកងកម្លាំង យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈ បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសរបស់លោក មានការប្រុងប្រយ័ត្នខ្ពស់ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យមានការបន្ធូរបន្ថយនូវអ្វី ដែលអាចជាវិបត្តិនុយក្លេអ៊ែរ ដែលអាចកើតមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top