ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវរបាយការណ៍ ស្តីពីទីក្រុងហុងកុង ដែលចេញផ្សាយ ដោយរដ្ឋាភិបាល ចក្រភពអង់គ្លេស ដោយជំរុញឱ្យភាគីអង់គ្លេស បញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការរបស់ហុងកុង និងកិច្ចការផ្ទៃក្នុងផ្សេងទៀត របស់ប្រទេសចិន ។
អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់ សម្គាល់ នៅក្នុងសន្និសីទ ព័ត៌មានប្រចាំ ថ្ងៃនៅពេលឆ្លើយសំណួរពាក់ព័ន្ធ ។ មានសេចក្តីរាយការណ៍ថា ចក្រភពអង់គ្លេស បានចេញផ្សាយរបាយការណ៍ រយៈពេល ៦ខែចុងក្រោយ ស្តីពីទីក្រុងហុងកុង ដោយរិះគន់គោល នយោបាយហុងកុង របស់ប្រទេសចិន ជាពិសេសច្បាប់ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការការពារសន្តិសុខជាតិ នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។
លោក ចាវ បានគូសបញ្ជាក់ថា ចាប់តាំងពីការវិលត្រឡប់របស់ហុងកុង មកកាន់មាតុភូមិវិញ ភាគីចិនបានប្តេជ្ញា អនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់នូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ដែលប្រជាជនហុងកុង គ្រប់គ្រងហុងកុងប្រកបដោយ ស្វ័យភាពខ្ពស់ និង ប្រជាពលរដ្ឋហុងកុង ទទួលបានសិទ្ធិ និងសេរីភាពច្រើនជាងមុនតាមច្បាប់ ជាងឆ្នាំ១៩៩៧ ។
លោក ចាវ បានលើកឡើងថា “ចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិ សន្តិសុខជាតិ ត្រូវបានការពារ នីតិរដ្ឋ និងយុត្តិធម៌ត្រូវបានរក្សា ហើយសិទ្ធិ និងសេរីភាពស្របច្បាប់ របស់អ្នករស់នៅហុងកុង និងជនបរទេសនៅក្នុងទីក្រុងហុងកុង ត្រូវបានការពារប្រសើរជាងមុន” ។
លោកបន្ថែមថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកណ្តាល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍ទាំងអស់ នៃទីក្រុងហុងកុង ទីក្រុងនឹងទទួលបាននូវភាព រុងរឿង និងស្ថិរភាពយូរអង្វែង ហើយឋានៈជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ នឹងត្រូវបានរួមបញ្ចូលគ្នាបន្ថែមទៀត។
លោកបានបញ្ជាក់ថា “ការវាយប្រហារ និង ការលាបពណ៌ណាមួយ ប្រឆាំងនឹងច្បាប់ សន្តិសុខជាតិ មិនអាចរារាំងនិន្នាការ នៃការផ្លាស់ប្តូរ របស់ហុងកុង ពីភាព វឹកវរទៅជាស្ថិរភាព និង វិបុលភាពបាននោះទេ” ដោយលោកបានចង្អុលបង្ហាញថា ការប៉ុនប៉ងរបស់ភាគីអង់គ្លេស ក្នុងការរំខានប្រជាជន ហុងកុង នឹងមិនជោគជ័យឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា