តេអេរ៉ង់ ៖ ទោះបីជាមានការវិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ ដែលត្រូវ បានទទួលស្គាល់ថា ត្រូវបានធ្វើឡើង នៅក្នុងការចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះក៏ដោយ សក្ដានុពលចុងក្រោយបង្អស់ជុំវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានធ្វើឱ្យស្មុគស្មាញ ដល់ការរំពឹងទុក នៃកិច្ចព្រមព្រៀងចុងក្រោយនៅក្នុងកិច្ចចរចា ដែលមានគោលបំណងសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ។
ក្នុងចំណោមចន្លោះប្រហោង ដែលនៅសេសសល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ការទាមទាររបស់ក្រុងតេអេរ៉ង់ ដែលឱ្យក្រុងវ៉ាស៊ីនតោន លុបចោល IRGC ជា “អង្គការភេរវករបរទេស (FTO)” ត្រូវបានគេជឿថា ជាចំណុចជាប់គាំងដ៏សំខាន់មួយ ។
IRGC ត្រូវតែដកចេញពីបញ្ជីខ្មៅ របស់ FTO លោក Kamal Kharazi ទីប្រឹក្សាជាន់ខ្ពស់ របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បាននិយាយនៅថ្ងៃទី២៧ ខែមីនា ដោយបន្ថែមថាអ៊ីរ៉ង់នឹងមិនថយក្រោយ ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការដក IRGC ចេញពីបញ្ជីភេរវកម្មរបស់អាមេរិក មុនពេលត្រលប់ទៅកតិកាសញ្ញា នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ។
លោក Kharazi បានប្រាប់វេទិកា នៅទីក្រុងដូហា ដែលជាវេទិកា សកល សម្រាប់ការសន្ទនាថា “IRGC គឺជាកងទ័ពជាតិ ដែលមិនគួរត្រូវបានចាត់ទុកថា ជាក្រុមភេរវករ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានបញ្ជាក់បន្ថែមថា IRGC ក៏មានស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេសអ៊ីរ៉ង់ដែរ ហើយប្រសិនបើវាមិនត្រូវ បានដកចេញពីបញ្ជីភេរវកម្ម សហរដ្ឋអាមេរិក ក្រុមអ្នកវិភាគបានលើកឡើងថា ភាគលាភសេដ្ឋកិច្ច និង ការបន្ធូរបន្ថយទណ្ឌកម្ម ទាំងអាទិភាពចម្បងរបស់អ៊ីរ៉ង់ នៅទីក្រុងវីយែន មិនអាចធានាបានប្រសិទ្ធភាពនោះទេ ៕ប្រែសម្រួល ឈូក បូរ៉ា