បរទេស៖ ប្រភពពីខាងក្នុងបាននិយាយប្រាប់ CNN ថា មន្ត្រីលោកខាងលិចមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់ពួកគេ នឹងយល់ព្រម ផ្តល់ការធានាសន្តិសុខស្របច្បាប់ ដល់ប្រទេសអ៊ុយក្រែន ដែលស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ នោះទេ។ ។ បណ្តាញព័ត៌មានបានរាយការណ៍ កាលពីថ្ងៃសុក្រថា សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលជាមិនត្រូវបានគេពេញចិត្តឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសអ៊ុយក្រែនបានយល់ព្រមបោះបង់ សេចក្តីប្រាថ្នារបស់ខ្លួនដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញដើម្បីក្លាយជាសមាជិក នៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ហើយបាននិយាយថា ឥឡូវនេះខ្លួនស្វែងរកប្រភេទ នៃការរៀបចំសន្តិសុខ នៅក្នុងសំណើដែលខ្លួន បានប្រគល់ជូនគណៈប្រតិភូរុស្ស៊ីក្នុងអំឡុងពេល កិច្ចចរចាសន្តិភាព នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងសប្តាហ៍នេះ។
ក្រោមសំណើនេះ រដ្ឋាភិបាលទីក្រុងគៀវ នឹងសន្យាមិនទទួលយកមូលដ្ឋានទ័ពបរទេស ឬទ័ពនៅលើទឹកដីខ្លួន។ ជាថ្នូរមកវិញ មហាអំណាចឈានមុខគេ រួមទាំងរុស្ស៊ី នឹងធ្វើការសន្យាស្របច្បាប់ ដើម្បីការពារអ៊ុយក្រែន ពីការវាយប្រហារ ដោយយោធានាពេលអនាគត។
រដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថា ជាការពិតដែលក្រុងគៀវ បានធ្វើសំណើជាលាយលក្ខណ៍អក្សរ អំពីរបៀបដែលខ្លួនចង់ដោះស្រាយជម្លោះ ដោយភាពវិជ្ជមាន ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលនេះបានបដិសេធ មិនប្រព្រឹត្តចំពោះផ្នែកណាមួយ ដូចដែលបានសន្យាឡើយ៕ ប្រែសម្រួលៈ ណៃ តុលា