ថ្ងៃទី២ ខែមេសា ឆ្នាំនេះជាខួបទី៤០ នៃការផ្ទុះសង្រ្គាមប្រជុំកោះ Malvinas។ កាលពី៤០ឆ្នាំមុន ដើម្បីដណ្ដើមយកមកវិញ នូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas ដែលត្រូវពួកអាណានិគមទន្ទ្រានកាន់កាប់ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះអាវុធ ។ សង្គ្រាមនេះបានដំណើរការ អស់រយៈពេល៧៤ថ្ងៃ ទីបំផុត អាហ្សង់ទីនទទួលបរាជ័យ ។ ចាប់ពីពេលនេះតទៅ អធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas បានក្លាយជាការឈឺចាប់ជារៀងរហូត ក្នុងដូងចិត្តរបស់ប្រជាជនអាហ្សង់ទីន ។
៤០ឆ្នាំកន្លងផុតទៅហើយ រដ្ឋាភិបាល និងប្រជាជននៃប្រទេសអាហ្សង់ទីន មិនដែលបញ្ឈប់ការលើកឡើង ឱ្យរៀបចំឡើងវិញនូវអធិបតេយ្យភាព លើប្រជុំកោះ Malvinasទេ ព្រមទាំងទាមទារឱ្យអង់គ្លេស ត្រឡប់ទៅរកតុចរចាឡើងវិញ ។ ប្រទេសជាច្រើន ក្នុងនោះបូករួមទាំងប្រទេសចិនផង ក៏បានបង្ហាញយ៉ាងច្បាស់ថា គាំទ្រសំណូមពររបស់អាហ្សង់ទីន ស្តីពីបញ្ហាប្រជុំកោះ Malvinas ហើយដាស់តឿនអង់គ្លេស ឱ្យអនុវត្តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងរៀបចំឡើងវិញ នូវកិច្ចចរចាក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយវិវាទ ដោយសន្តិវិធី ។
សូមរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្រអាចឃើញថា បញ្ហាប្រជុំកោះ Malvinas មានដើមហេតុយ៉ាងច្បាស់លាស់ ធាតុពិតវាគឺជាបញ្ហាបន្សល់ទុក ពីប្រវត្តិសាស្ត្រអាណានិគមនិយម ។ កាលពីឆ្នាំ១៨១៦ ខណៈពេលបម្រះចេញ ពីការគ្រប់គ្រងដោយ អាណានិគម របស់អេស្ប៉ាញនិងទទួលបានឯករា្យ អាហ្សង់ទីនក៏ទទួលបាន អធិបតេយ្យភាព របស់ប្រជុំកោះ Malvinasផងដែរ ។ ប៉ុន្តែនៅឆ្នាំ១៨៣៣ អង់គ្លេស ដែលកំពុងធ្វើការវាទី អាណានិគម នៅអាមេរិកខាងត្បូង បានទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinasដោយប្រើប្រាស់កម្លាំងអាវុធ ។ ឆ្នាំ១៩៦៥ មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយដាក់បញ្ចូល បញ្ហាប្រជុំកោះ Malvinas ក្នុងក្របខណ្ឌ “លុបបំបាត់ភាពអាណានិគម” ព្រមទាំងដាស់តឿនអាហ្សង់ទីននិងអង់គ្លេស ធ្វើកិច្ចចរចាទ្វេភាគីដើម្បីដោះស្រាយ វិវាទអំពីអធិបតេយ្យភាព របស់ប្រជុំកោះMalvinas ។
គណៈកម្មាធិការពិសេស ស្តីពីការលុបបំបាត់ភាពអាណានិគម របស់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្លាប់អនុម័តលើសេចក្តីសម្រេចចិត្ត ជាង៣០លើក ដើម្បីដាស់តឿនឱ្យរដ្ឋាភិបាលអង់គ្លេស និងអាហ្សង់ទីនដោះស្រាយ ការវិវាទតាមរយៈកិច្ចចរចា ប៉ុន្តែអង់គ្លេស បានបដិសេធទាំងអស់ ។
អ្វីដែលគួរឱ្យអ្នកផង មានការងឿងឆ្ងល់់នោះគឺ ដើម្បីពង្រឹងការកាន់កាប់ ចំពោះប្រជុំកោះMalvinas អង់គ្លេស បានចាត់ប្រតិបត្តិការឥតឈប់ឈរ ។ ឧទាហរណ៍ដូចជា នៅខែមករាឆ្នាំនេះ អាហ្សង់ទីនបានទទួលដំណឹងថា អង់គ្លេសបានដាក់ពង្រាយអាវុធ ការពារផ្លូវអាកាសនៅប្រជុំកោះ Malvinas អាហ្សង់ទីន បានរិះគន់អង់គ្លេសថា “ជាការបង្ហាញកម្លាំងអាវុធ មិនសមហេតុផលមួយលើកទៀត” ព្រមទាំងសម្តែងការប្រឆាំង យ៉ាងខ្លាំងក្លាបំផុត ។
បដិសេធមិនព្រមធ្វើកិច្ចចរចា ដាក់ពង្រាយអាវុធ ធ្វើសមយុទ្ធយោធា ។ល។ ទង្វើរបស់អង់គ្លេសបានបង្ហាញថា “ខួរក្បាលរបស់អង់គ្លេស នៅតែឋិតក្នុងសម័យអាណានិគម”ដដែល ដែលមិនបានគោរពអធិបតេយ្យភាព របស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាល់តែសោះ ។ បញ្ហាអំពីប្រជុំកោះ Malvinas មិនត្រឹមតែជាបញ្ហា របស់ប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ ថែមទាំងក៏ជាបញ្ហា ប្រកបដោយលក្ខណៈតំបន់ និងសកលផងដែរ ។ បណ្តាភាគីនានាគួរតែប្រឆាំងអង់គ្លេស ដែលនៅតែអនុវត្តអាណានិគម និយមលើដែនដីរបស់អាហ្សង់ទីន ជាបន្តទៀត ។
គិតរហូតដល់បច្ចុប្បន្ននេះ សម័យដែលពួកអាណានិគម ធ្វើតាមតែទំនើងចិត្ត បានកន្លងផុតទៅហើយ ។ អង់គ្លេសគួរតែដើរចេញ ពីសុបិនអាណានិគម អនុវត្តសេចកី្តសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ចាប់ផ្តើមធ្វើកិច្ចចរចា ជាមួយអាហ្សង់ទីន ក្នុងន័យដោះស្រាយវិវាទដោយសន្តិវិធី ។ ក្នុងបរិបទនៃការធ្វើ ប្រជាធិបតេយ្យភាវូបនីយកម្ម ទំនាក់ទំនងអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ប្រជុំកោះ Malvinas មិនត្រូវក្លាយជាការឈឺចាប់ ជារៀងរហូតរបស់ប្រទេសអាហ្សង់ទីន ។