គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតី អ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុម័តសមាសភាព នៃគណៈប្រតិភូអ៊ុយក្រែន សម្រាប់កិច្ចពិភាក្សាជា មួយប្រទេសរុស្ស៊ី ជុំវិញការធានាសន្តិសុខ។
យោងតាមក្រឹត្យបានឲ្យដឹងថា គណៈប្រតិភូនឹងត្រូវដឹកនាំដោយ លោក David Arakhamia ប្រធានគណៈប្រតិភូអ៊ុយក្រែន ក្នុងការចរចាសន្តិភាព ជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រឹត្យនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន លោក Denys Malyuska ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតី Mykhailo Podoliak រដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov និងមន្ត្រីអ៊ុយក្រែនចំនួន ៦រូបផ្សេងទៀត នឹងក្លាយជាសមាជិកនៃគណៈប្រតិភូ។
កាលពីថ្ងៃសៅរ៍ លោក Arakhamia បានលើកឡើងថា សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំអ៊ុយក្រែន-រុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល បានត្រៀមរួចរាល់ សម្រាប់ការពិភាក្សាដោយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី។
នៅឯការចរចាទល់មុខគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងគៀវ បានស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិថ្មីមួយ ស្តីពីការធានាសន្តិសុខ ដែលកំណត់កាតព្វកិច្ច សម្រាប់ប្រទេសអ្នកធានា ក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
