ព័ត៌មានអន្តរជាតិ

Update: ចិន ប្ដេជ្ញាបន្ធូរបន្ថយ និងបញ្ចប់ជម្លោះ នៅអ៊ុយក្រែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

" "

ប៉េកាំង៖ បេសកជនមួយរូបបានឲ្យដឹងថា ប្រទេសចិនប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្ធូរបន្ថយ និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់សន្និសីទសង្ខេប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “ការបន្ថយការកើនឡើង និងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ជាដំណាក់កាលដំបូង គឺជាការរំពឹងទុកយ៉ាងស្មោះស្ម័គ្រ របស់សហគមន៍អន្តរជាតិ និងជាបំណងប្រាថ្នាដ៏ខ្លាំងក្លា របស់ប្រទេសចិន” ។

" "

លោក Zhang បានលើកឡើងថា សហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន មានការចរចារជុំគ្នា ហើយចិនស្វាគមន៍ភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវទិសដៅទូទៅ នៃការចរចាសន្តិភាព ជំនះការលំបាក និងភាពខុសគ្នា ហើយបន្តបង្កើតលក្ខខណ្ឌ សម្រាប់ការដោះស្រាយវិបត្តិដ៏ទូលំទូលាយ។

" "

លោកបន្ដថា “សហគមន៍អន្តរជាតិ គួរតែបង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយផល សម្រាប់ការចរចាររវាងភាគីទាំងពីរ បើកកន្លែងសម្រាប់ ដំណោះស្រាយនយោបាយ ហើយមិនត្រូវបង្កើតឧបសគ្គ សម្រាប់សន្តិភាពឡើយ ទុកឲ្យតែឯងបន្ថែមភ្លើង ដល់ការប្រឈមមុខដាក់គ្នា កាន់តែធ្ងន់ធ្ងរឡើង ដើម្បីទប់ស្កាត់ការកើនឡើង នៃជម្លោះក្នុងតំបន់”។

និយាយអំពីបញ្ហាមនុស្សធម៌ លោក Zhang បានឲ្យដឹងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហានេះនៅអ៊ុយក្រែន ហើយគាំទ្ររាល់គំនិតផ្តួចផ្តើម និងវិធានការដែលអំណោយផល ដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top