ព័ត៌មានអន្តរជាតិ

Update: ឆ្មាំជាតិអ៊ុយក្រែន គ្រប់គ្រងបានវិញ នូវរោងចក្រថាមពល Chernobyl ពីកងទ័ពរុស្ស៉ីវិញហើយ

គៀវ៖ ឆ្មាំជាតិអ៊ុយក្រែនបានឲ្យដឹងថា កងពលរបស់ខ្លួន បានទៅដល់ទីតាំង រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ហើយបានគ្រប់គ្រងសន្តិសុខ របស់រោងចក្រនេះវិញហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឆ្មាំជាតិបានឲ្យដឹងនៅលើបណ្ដាញ Facebook ថា “ភារកិច្ចចម្បងរបស់ឆ្មាំជាតិ នៅលើទីតាំងរោងចក្រ Chernobyl NPP គឺការធានាសន្តិសុខ និងការការពារកន្លែងនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការការពាររូបវន្ត នៃសម្ភារៈនុយក្លេអ៊ែរ” ។

ប្រភពបានឲ្យដឹងថា សុវត្ថិភាពនៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់វានឹងត្រូវបានត្រួតពិនិត្យ ដោយកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន។ ទាហានរុស្ស៊ីដែលគ្រប់គ្រង រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl តាំងពីថ្ងៃទី២៤ ខែកុម្ភៈបានចាកចេញ ពីកន្លែងនៅថ្ងៃទី៣១ ខែមីនា។

រោងចក្រនុយក្លេអ៊ែរ Chernobyl ដែលមានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងគៀវ បានទទួលរងនូវឧបទ្ទវហេតុ នុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦៕ ប្រែសម្រួល ឈូក បូរ៉ា

To Top