ព័ត៌មានអន្តរជាតិ

លោក Wang Yi ជួបពិភាក្សា តាមទូរស័ព្ទជាមួយ លោកស្រី Melanie Jolyរដ្ឋមន្ត្រីការបរទេសកាណាដា

កាលពីថ្ងៃទី ៥ ខែមេសា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនា តាមទូរស័ព្ទជាមួយលោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា តាមការណាត់ ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រជាជនចិន និងកាណាដា មានការប្រាស្រ័យទាក់ទង ដ៏មេត្រីភាពយ៉ាងយូរអង្វែង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងកាណាដា បានរងការប៉ះពាល់យ៉ាងខ្លាំងក្លា ដោយសាររឿងលោកស្រី Meng Wanzhou នេះជារឿង ដែលយើងមិនចង់មើលឃើញទេ ។

លោក Wang Yi បានថ្លែងទៀតថា ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនង រវាងចិននិងកាណាដា តាមមុំយុទ្ធសាស្ត្ររយៈពេលវែង ។ ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី នាពេលបច្ចុប្បន្នមិនសមស្រប នឹងផលប្រយោជន៍ របស់ភាគីទាំងពីរនោះទេ ភាគីកាណាដាគួរតែប្រឈមមុខ នឹងបញ្ហាយ៉ាងត្រឹមត្រូវ ហើយដើរទៅរកទិសដៅតែមួយជាមួយភាគីចិន ។ លោក Wang Yi បានលើកឡើងនូវសំណើ ៣ ចំណុចអំពីបញ្ហានេះ៖

មួយគឺត្រូវចាត់ ទុកប្រទេសចិន ក្នុងផ្លូវវិជ្ជមាននិងសត្យានុម័ត ហើយអនុវត្ត គោលនយោបាយ ចំពោះប្រទេសចិនដែលប្រកប ដោយស្ថិរភាព និងភាពប្រាកដប្រជា ។ ទីពីរគឺត្រូវគោរពផលប្រយោជន៍ ស្នូលរវាងគ្នានិងគ្នា និងមិនបង្កឧបសគ្គថ្មីចំពោះទំនាក់ទំនងរវាងចិននិងកាណាដា។ ទីបីគឺត្រូវប្រកាន់ខ្ជាប់នូវភាពឯករាជ្យនិងម្ចាស់ការ លុបបំបាត់ការជ្រៀតជ្រែក ពីខាងក្រៅដែលគ្មានការចាំបាច់ ។

ជាការឆ្លើយតប លោកស្រី Melanie Joly បានថ្លែងថា ទំនាក់ទំនងរវាងកាណាដា និងចិន មានមូលដ្ឋានរឹងមាំ។ ក្នុងមួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនង រវាងកាណាដា និងចិន ស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ ភាគីកាណាដា មានឆន្ទៈរាប់អានគ្នា ដោយស្មោះត្រង់ និងគោរពគ្នា ទៅវិញទៅមក ជាមួយភាគីចិន ហើយប្រកាន់ស្មារតី ដែលសម្លឹងមើលទៅមុខ ដើម្បីជំរុញទំនាក់ទំនង រវាងកាណាដានិងចិន ឱ្យត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវវិញ ជាបណ្តើរៗ ដើម្បីកសាងទំនាក់ទំនងទ្វេភាគី ឱ្យមានភាពកាន់តែរឹងមាំ៕

To Top