ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់ ១៩០នាក់ ជំរុញឱ្យប្រធានាធិបតី ទទួលបានការធានា ដ៏រឹងមាំជាងមុន ពីអាមេរិក នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ

តេអេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ជាង ១៩០ នាក់ កាលពីថ្ងៃអង្គារបានជំរុញ ឱ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ទទួលបានការធានាដ៏រឹងមាំ ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។

សមាជិកសភា បានដាក់ការទាមទារ នៅក្នុងលិខិតមួយផ្ញើ ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ ដោយអំពាវនាវ ឱ្យមានការគោរពពេញលេញ នៃបន្ទាត់ក្រហម របស់សាធារណរដ្ឋអ៊ីស្លាម និងការពារផលប្រយោជន៍ ប្រជាជនរបស់ខ្លួននៅក្នុងកិច្ចពិភាក្សា ។

សមាជិកសភាអ៊ីរ៉ង់លោក Ahmad Hossein Fallahi ដែលប្រមូលហត្ថលេខា សម្រាប់ញត្តិនោះ បានបញ្ជាក់ថា សមាជិកសភាជាង ១៩០ នាក់បានចុះហត្ថលេខាលើលិខិតនោះ។

នៅខែកក្កដា ឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក ដែលអ៊ីរ៉ង់បានយល់ព្រមក្នុងការទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកតិកាសញ្ញា ជាឯកតោភាគី កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបាន ដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីក្រោយកាត់ បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរ របស់ខ្លួនក្នុងការសងសឹក ។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង នៅរដ្ឋធានីវីយែនរបស់អូទ្រីស ដោយអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់គឺចិន អង់គ្លេស បារាំង រុស្ស៊ី និងអាល្លឺម៉ង់ ។ សហរដ្ឋ អាមេរិក បាន ចូលរួម ដោយ ប្រយោល ក្នុង ការ ចរចា ដែល ត្រូវបានគេរាយការណ៍ ថា ជិត ឈាន ដល់ កិច្ចព្រមព្រៀង មួយទៅហើយនាបេលបច្ចុប្បន្ននេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top