ព័ត៌មានអន្តរជាតិ

តួកគី ឃុំខ្លួនជនសង្ស័យ ដែលជាក្រុមរដ្ឋឥស្លាម បានចំនួន៣៤នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា ប្រទេសតួកគី បានឃុំខ្លួននៅថ្ងៃពុធនេះ យ៉ាងហោចណាស់ ជនសង្ស័យចំនួន៣៤នាក់ ពីបទសង្ស័យថា មានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ហៅកាត់ (IS) ។

របាយការណ៍បានដាក់ថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ IS ចំនួន៦នាក់ដែលមានសញ្ជាតិ អ៊ីរ៉ាក់ នៅក្នុងខេត្ត Samsun នៃសមុទ្រខ្មៅនៅក្នុងប្រតិបត្តិការមួយ និងយ៉ាងហោចណាស់ ជនសង្ស័យ២៨នាក់ផ្សេងទៀត នៅទូទាំងទីក្រុងចំនួន១៥ នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត នៅក្នុង និងជុំវិញខេត្ត Balikesir ភាគពាយ័ព្យ ។

រដ្ឋាភិបាលតួកគី បានកំណត់ក្រុម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសតួកគី ចាប់តាំងពីឆ្នាំ២០១៥ ។

នៅក្នុងប្រតិបត្តិការមួយកាលពីថ្ងៃទី២៩ ខែមីនា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួនជនសង្ស័យ IS ស៊ីរី៤នាក់នៅក្នុងខេត្ត Kayseri ភាគកណ្តាល ដែលមានព័ត៌មានថា ពួកគេបានធ្វើសកម្មភាព ដោយប្រដាប់អាវុធ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។

ព្រំដែនភាគខាងត្បូង នៃប្រទេសតួកគី ជាមួយប្រទេសស៊ីរី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់ សម្រាប់ក្រុមឧទ្ទាមស៊ីរី រួមទាំងក្រុមសកម្មប្រយុទ្ធ IS ចាប់តាំងពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសជិតខាងបានផ្ទុះឡើងក្នុងឆ្នាំ២០១១ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top