គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានណែនាំរដ្ឋាភិបាលឱ្យធ្វើជាផ្លូវការ នូវការបញ្ឈប់ពាណិជ្ជកម្ម របស់អ៊ុយក្រែន ជាមួយប្រទេសរុស្ស៊ី ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា តាមពិត ប្រតិបត្តិការនាំចូល និងនាំចេញរវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានបញ្ចប់ទាំងស្រុង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេវាសារពើពន្ធ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែន បានឃើញកំណើន ៣៨,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងពាណិជ្ជកម្មជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២១ ជាមួយនឹងតម្លៃ ១០,០៩ ពាន់លានដុល្លារអាមេរិក ។ ការនាំចេញបានកើនឡើង ២៦,៥ ភាគរយដល់ ៣,៤៤ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ៤៥,9 ភាគរយដល់ ៦,៦៥ ពាន់លានដុល្លារ ៕
ប្រែសម្រួល ឈូក បូរ៉ា
