ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន ៖ កិច្ចពិភាក្សាជាមួយរុស្ស៊ី នឹងបន្ដ ទោះបីជាមានអំពើដ៏ឃោឃៅ ដោយកងទ័ពរុស្ស៉ី ក៏ដោយ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ការពិភាក្សារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្ត ទោះបីជាមានភស្តុតាងនៃ “អំពើឃោរឃៅធ្វើឡើង ដោយយោធារុស្ស៊ី” ។

លោក Zelensky ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា “ក្នុងករណីណាក៏ដោយ យើងត្រូវតែស្វែងរក សូម្បីតែឱកាសតិចតួចសម្រាប់ ដំណើរការចរចា ។ ខ្ញុំគិតថាវាពិបាកក្នុងការបញ្ចប់សង្រ្គាម”។

លោក Zelensky បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបេសកកម្មសម្រុះសម្រួល នៃបណ្តាប្រទេសផ្សេងទៀត រួមទាំងតួកគីផងដែរនៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

យ៉ាងហោចណាស់មនុស្ស ២៨០ នាក់ រួមទាំងកុមារត្រូវបានគេរក ឃើញថា បានស្លាប់នៅក្នុងទីក្រុង Bucha ចម្ងាយប្រហែល ២៨ គីឡូម៉ែត្រភាគពាយព្យ នៃទីក្រុងគៀវ បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ទីក្រុង មកវិញពីយោធារុស្ស៊ី។

លោក Zelensky ពីមុនបានហៅការសម្លាប់ជនស៊ីវិល នៅទីក្រុង Bucha ថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានបដិសេធការចោទ ប្រកាន់របស់ក្រុងកៀវ ចំពោះការចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលនៅក្នុងការតាំងទីលំនៅ នៅទីក្រុង Bucha ក្នុងតំបន់គៀវ របស់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top