កាលពីថ្ងៃទី៥ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានរៀបចំធ្វើកិច្ចប្រជុំ ជាសាធារណៈ អំពីស្ថានការណ៍អ៊ុយក្រែន “ការសម្លាប់រង្គាលនៅទីក្រុង Bucha ”បានក្លាយជាចំណុចក្តៅ នៃកិច្ចប្រជុំលើកនេះ ។ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការជំរុញឱ្យស្ថានការណ៍អ៊ុយក្រែន បញ្ចុះកម្តៅនិងបញ្ឈប់ការប្រយុទ្ធ ក្នុងពេលឆាប់ជាការរំពឹងទុក ជាបន្ទាន់របស់សហគមន៍អន្តរជាតិ ហើយក៏ជាគោលបំណង យ៉ាងខ្លាំង របស់ភាគីចិនផងដែរ ។
អំពី “ការសម្លាប់រង្គាល នៅទីក្រុង Bucha ”ភាគីចិនបានបង្ហាញថា ការចោទប្រកាន់ណា មួយសុទ្ធ តែត្រូវឈរ លើការ ពិតជាក់ស្តែង មុនពេលទទួលបាន ការសន្និដ្ឋាន ភាគីនានាត្រូវរក្សាការអត់ធ្មត់ ចៀសវាងពីការចោទប្រកាន់ដោយគ្មាន ហេតុផល ។ ការសម្តែង អាកប្បកិរិយា បែបនេះ គឺប្រកបដោយភាពសត្យានុម័ត និងវិចារណញ្ញាណ ដែលបានផ្តល់គំនិត ច្បាស់លាស់ ដល់សហគមន៍ អន្តរជាតិក្នុងការដោះស្រាយ “ករណីសម្លាប់រង្គាលនៅទីក្រុង Bucha ”។
បច្ចុប្បន្ននេះ ភាគីទាំង ពីររុស្ស៊ី និង អ៊ុយក្រែន ប្រកាន់យកត្រូវរៀងខ្លួនអំពី“ ការសម្លាប់រង្គាល នៅទីក្រុង Bucha” ។ ពេលថ្មីៗ កន្លងមក ប្រព័ន្ធសារព័ត៌មាន អ៊ុយក្រែន បានប្រកាស រូបថត និងវីដេអូមួយចំនួន ស្តីពីអ្វីដែលហៅថា ប្រជាជនស៊ីវិល នៅក្រុង Buchaត្រូវគេសម្លាប់ រដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ ថា ជាទង្វើរបស់កងទ័ពរុស្ស៊ី ។ តែភាគីរុស្ស៊ីបានបដិសេធ ជាដាច់ខាតចំពោះករណីនេះ ហើយថ្លែងថា អ្វីដែលហៅថា “ភស្តុតាងឧក្រិដ្ឋកម្ម” គឺ លេចចេញ បន្ទាប់ពីកងទ័ពរុស្ស៊ី ដកចេញ ហើយកងទ័ពអ៊ុយក្រែន និង ប្រព័ន្ធសារព័ត៌មានអ៊ុយក្រែន ទៅដល់កន្លែងនោះ ពោលគឺភាគីអ៊ុយក្រែន ដឹកនាំសម្ដែងឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ភាគីរុស្ស៊ីបានប្រគល់ភស្តុតាង ពាក់ព័ន្ធឱ្យទៅក្រុមប្រឹក្សា សន្តិសុខរួចហើយ ។
ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនគ្មាន ចិត្តអំណត់រង់ចាំលទ្ធផល នៃការស៊ើបអង្កេតនោះទេ បែរជាកំណត់ការសន្និដ្ឋានទុកជាមុន ដើម្បីចាប់ផ្តើម ធ្វើប្រតិបត្តិការមួយចំនួន ដែលសំដៅចំពោះរុស្ស៊ី ។ ចាប់ពីប្រធានាធិបតីអាមេរិកថ្កោលទោសកងទ័ពរុស្ស៊ីដែលបានប្រព្រឹត្តិ “បទឧក្រិដ្ឋសង្គ្រាម”នៅក្រុង Bucha ដល់ភាគី អាមេរិក បន្ថែមការដាក់ទណ្ឌកម្មជុំថ្មីទៅលើរុស្ស៊ី រហូតដល់ប្រទេសអឺរ៉ុប ជិត១០បណ្តេញបុគ្គលិកការទូតរុស្ស៊ី ដោយទ្រង់ទ្រាយធំ រឿងដែលនៅមិនទាន់ដឹង ការពិតនោះ បានក្លាយជាលេសសម្រាប់ ឱ្យអ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចបន្ថែមការ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។
តាមការពិត បានមានការវិភាគខ្លះ បានលើកឡើងថា “ការសម្លាប់រង្គាលនៅទីក្រុង Bucha ”បានកើតឡើងចំពេលការចរចា រវាងរុស្ស៊ីនិងអ៊ុយក្រែន ទទួលបានការវិវឌ្ឍយ៉ាងសកម្ម ដូច្នេះ មិនច្រានចោលថា នេះជាឧបាយកលរបស់កម្លាំងមួយចំនួន ដែលមិនចង់ឃើញការ ប៉ះទង្គិចបញ្ចប់ ហើយបានបង្កើតឧបសគ្គ និងបន្ថែមកម្លាំងរារាំង ។ បច្ចុប្បន្ននេះ អ្វីដែលសហគមន៍អន្តរជាតិគួរតែធ្វើនោះគឺ មួយផ្នែក ធ្វើការស៊ើបអង្កេតដ៏ឯករាជ្យ និងសត្យានុម័តចំពោះ“ការសម្លាប់រង្គាលនៅទីក្រុង Bucha ” មួយផ្នែកទៀត ត្រូវខិតខំប្រឹងប្រែងជំរុញ ការចរចាសន្តិភាពនិង បញ្ឈប់ការប្រយុទ្ធ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ពីឫសគល់ ។
បញ្ហាមនុស្សធម៌ មិនត្រូវចាត់ទុក ជាកិច្ចការនយោបាយនោះទេ ។ ភាគីចិនយល់ឃើញថា ការវាយប្រហារដែលសំដៅ ចំពោះជនស៊ីវិលគឺ មិនអាចទទួលយកបានទេ ហើយក៏មិនត្រូវកើតឡើងដែរ សភាពការណ៍ពាក់ព័ន្ធនិង មូលហេតុជាក់ស្តែងចាំបាច់ត្រូវ ពិនិត្យឱ្យបានច្បាស់លាស់ ។ ប៉ុន្តែមុនពេលប្រកាសលទ្ធផល នៃការស៊ើបអង្កេត ភាគីនានាត្រូវចៀសវាងពីការបង្ករឿង ហេតុដោយសារគោលបំណង នយោបាយ នេះគឺជាការគោរព ជាមូលដ្ឋាន ចំពោះជនស៊ីវិល ដែលរងគ្រោះស្លាប់បាត់បង់ជីវិត ហើយក៏ជាទង្វើដ៏ត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យកើត មានបញ្ហាមនុស្សធម៌កាន់តែច្រើនឡើងៗផងដែរ ។